(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនាពេលកន្លងមក និងទិសដៅការងារបន្ត និងដើម្បីពង្រឹងពង្រីកកិច្ចសហការ ការងារនាពេលខាងមុខ ឱ្យបានកាន់តែប្រសើរថែមទៀត។

នៅក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភាបានពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខ ប្រកប ដោយ សេចក្តីនឹករលឹករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធអនុ-ប្រធានទី១ ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់។

លោកបានបន្តជម្រាបជូនអង្គប្រជុំអំពីដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា នីតិកាលទី៥ ។ ពិសេសថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងមកនេះ ព្រឹទ្ធសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យការអនុវត្តមុខងារ ស្របនឹងបរិបទនៃការរីកចម្រើនរបស់សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឆ្លើយតបទៅនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា គឺសភាការទូត និងភាពជាតំណាងពិតប្រា ក ដរបស់ប្រជាជាតិខ្មែរ តាមរយៈការអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង។

លោកបានបញ្ជាក់បន្ថែមថា អំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៥នេះ ជារយៈពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការទាំង១០ ក្រុមភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានចុះទៅក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីតាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានា តាមវិស័យជាសមត្ថកិច្ច ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅការងារបន្ត ហើយ ធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និ ង ព្រឹទ្ធស ភា។

យ៉ាងណាមិញ ជំនួបពិភាក្សាការងាររវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នាពេលនេះ គឺដើម្បីឈ្វេងឱ្យយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាប្រតិបត្តិករដឹកនាំការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ក្នុងឱកាសនោះ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនគណៈប្រតិភូអំពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់អង្គភាព ដំណើរការនៃការទទួលសេចក្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល ដំណើរការទទួលពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹង នីតិវិធីនៃការស្រាវជ្រាវ ស្វែងរកភស្តុតាង និងការដឹកនាំការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារដ៏សកម្មមួយដែលអង្គភាពបាននិងកំពុងធ្វើ គឺការអប់រំដល់សិស្សានុសិស្សចាប់តាំងពីមត្តេយ្យសិក្សា ឱ្យស្អប់ខ្ពើមអំពើពុករលួយ នៅឱ្យឆ្ងាយពីអំពើពុករលួយ អប់រំ បង្ការទប់ស្កាត់មន្ត្រីរាជការសាធារណៈឱ្យខ្លាចអំពើពុករលួយ និងមិនហ៊ានពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមយ៉ាងសកម្ម និងទៀងទាត់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសង្កេត វាយតម្លៃ តាមដានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងជ្រើសរើសមន្ត្រីរាជការតាមក្រសួងស្ថាប័ននានា ដោយស្មើភាព យុត្តិធម៌ ដោយគុណភាព និងតម្លាភាព ស្របតាមទិសស្លោកថា អ្នកចេះ គឺជាប់។

លោកប្រធានអង្គភាពបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយមាន បេសកកម្ម ដឹកនាំការប្រយុទ្ធប្រឆាំង អំពើ ពុករលួយ គ្រប់ រូបភាព គ្រប់វិស័យ និង គ្រប់ ជាន់ ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ បណ្ឌិតទេសរដ្ឋមន្ត្រី និងបានពិភាក្សាគ្នាយ៉ាងល្អិតល្អនរួចមក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានកោតសរសើរ និងវាយ តម្លៃ ខ្ពស់ចំពោះ កិតិ្តនីតិលោកបណ្ឌិតប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយសម្រេចបានសមិទ្ធ ផល យ៉ាងច្រើនគួរឱ្យកត់សម្គាល់៕