(ភ្នំពេញ)៖ បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា និងលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានមើលឃើញថា លោក ដូណាល់ ត្រាំ មិនអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេល២៤ម៉ោង ដូចការសន្យារបស់លោកក្នុងការឃោសនាបោះឆ្នោតឡើយ។ ការលើកឡើងរបស់វាគ្មិនទាំង២រូប បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា បើទោះជាលោក ដូណាល់ ត្រាំ អាចមានភាពស្និតស្នាលជាមួយលោក ពូទីន ហើយគ្រោងនឹងជួបសន្ទនាជាមួយលោក ពូទីន ក៏ពិតមែន ប៉ុន្តែតាមស្ថានភាព និងលក្ខខណ្ឌរបស់លោក ត្រាំ ដាក់ចេញដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺមិនត្រូវជាមួយគោលបំណងរបស់លោ ពូទីន នោះឡើយ។ ហើយក៏មិនមានសម្ភាធណាលើសអ្វីដែលសម្ព័ន្ធមិត្តអាមេរិក កំពុងធ្វើបានធ្វើដាក់រុស្ស៊ីនាពេលបច្ចុប្បន្ននេះដែរ។
ខណៈលោកបណ្ឌិត ស៊ឺន សំ វិញបានវាយតម្លៃថា សង្រ្គាមនៅអ៊ុយក្រែនមិនអាចបញ្ចប់ត្រឹមរយៈពេល២៤ម៉ោងឡើយ ខណៈលោក ដូណាល់ ត្រាំ ខ្លួនឯងក៏បានកែប្រែរយៈពេលនៃការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនចំនួន៤ដង រួចមកហើយគិតត្រឹមមុនថ្ងៃចន្ទ ទី១៩ ខែមករា ជាថ្ងៃដែលលោកត្រូវស្បត់ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ។
ជាការកត់សម្គាល់ ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវការពេលវេលាច្រើនខែ មិនមែនត្រឹមតែ «ថ្ងៃដំបូង» ដូចដែលបានសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនោះទេ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖