(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មជាលើកដំបូងជុំវិញសម្តីចោទប្រកាន់របស់ មេខ្លោងទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅក្រៅប្រទេស ដែលប៉ុន្មានថ្ងៃកន្លងមកនេះ បានប្រើសម្តីវាយប្រហារចោទធ្ងន់ៗដាក់មកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងចំណុចធំ២ គឺករណីស្រូវចុះថោក និងអំពើឃាតកម្មលើលោក Lim Kimya ដែលអាជ្ញាធរថៃជាមួយនិងអាជ្ញាធរកម្ពុជា បាននិងកំពុងធ្វើកិច្ចសហការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅលើបញ្ហានេះ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រតិកម្មជាលើកដំបូង ក្រោយការរង់ចាំមើលសម្តីចោទប្រកាន់របស់មេខ្លោងក្រុមជ្រុលនិយមនិងបក្ខពួក ដែលនិយាយវាយប្រហារធ្ងន់ៗ លើករណីធំចំនួនពីរ ចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល។

សម រង្ស៊ី ដែលចិញ្ចឹមគំនិតសងសឹកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារត្រកូល «ហ៊ុន» បានឆ្លៀតធ្វើអាជីវកម្មនយោបាយលើស្ថានការណ៍ដែលតម្លៃស្រូវខ្លះបានធ្លាក់ចុះ និងប្រើប្រាស់សោកនាដកម្មនៃការបាញ់សម្លាប់លោក Lim Kimya នាកណ្តាលក្រុងបាងកកនៃប្រទេសថៃ ចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចោទមកលើក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលជាចន្ទល់រឹងមាំនៃការការពារសន្តិភាពរយៈពេល ២៦ឆ្នាំកន្លងមកនេះ។

ឧបាយកលរបស់ សម រង្ស៊ី គឺការដុតបញ្ឆេះកំហឹងអោយពលរដ្ឋស្អប់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ដុតឱ្យពលរដ្ឋខឹងនិងស្អប់ក្រុមគ្រួសារត្រកូល «ហ៊ុន» ពីព្រោះពួកក្រុមជ្រុលនិយមនៅក្រៅប្រទេសទាំងនោះដឹងថា «សនិ្តភាព» នឹងមិនអាចរងភាពរង្គោះរង្គើបានឡើយ បើសិនជានៅកម្ពុជាមានគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលប្តេជ្ញារក្សានិងការពារសន្តិភាពមិនឱ្យឃ្លាតចេញពីប្រទេសកម្ពុជា។ ដូច្នេះដើម្បីរកលេសបណ្តេញសន្តិភាពចេញពីកម្ពុជា ក្រុមជ្រុលនិយម បានកំណត់ទិសដៅរបស់ខ្លួនតាំងពីដើមទី ដោយត្រូវនិយាយចោទប្រកាន់អ្វីៗទាំងអស់ដាក់លើត្រកូល «ហ៊ុន» និងលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី- សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នៅថ្ងៃទី២០ មករា ឆ្នាំ២០២៥ បានចាត់ទុកសម្តីរបស់ក្រុមធ្វើនយោបាយប្រឆាំង ដែលប្រើសម្តីចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល គឺជាវោហាសាស្ត្រដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលមិនបាននៅស្ងៀមឡើយដើម្បីការពារកិត្តិយស និងភាពស្អាតស្អំរបស់ខ្លួន៖

«សូមឱ្យលោកអ្នកនយោបាយនៅក្រៅប្រទេសអង្គុយជើងម៉ាជើង១០ ភ្នែក៣ ជើង១០ភ្នែក៥នោះ ពូកែយករឿងដុតហើយដុតទៀត ដុតអស់ពី CLV DTA ដុតមករឿងកោះគុត ឥឡូវដុតមិន (ត្រឹម) កោះគុត ឥឡូវមួយថ្ងៃៗ ចោទរឿងឃាតកម្មលោក លិម គិមយ៉ា ហើយចោទសម្តេចតេជោ ចោទគ្រួសារ ចោទរដ្ឋាភិបាលថា ជាអ្នកធ្វើ។ ខ្ញុំសួរថារដ្ឋាភិបាល ល្ងង់ដល់ថ្នាក់ហ្នឹងឬ? ល្ងង់រឿងអី… បើរដ្ឋាភិបាលអ្នកចាត់ចែងអ្នកនៅពីក្រោយ…តើចាំបាច់ចាប់ឃាតករបញ្ជូនទៅឱ្យថៃស៊ើបធ្វើអ្វី?»

ជនសង្ស័យឃាតករជាតិថៃឈ្មោះ Ekkalak Paenoi អតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរ បានចាប់ខ្លួននៅពេលជនសង្ស័យរូបនេះ បានលួចឆ្លងដែនចូលក្នុងទឹកដីកម្ពុជា។

ទណ្ឌិត សម រង្ស៊ី ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី វេលាយប់ថ្ងៃទី៨ មករា ក្នុងពេលដែលជនសង្ស័យឃាតកករ នៅមិនទាន់មានសេចក្តីរាយការណ៍ឱ្យដឹងថា បានស្ថិតនៅទីណាមួយផងនោះ ស្រាប់តែ សម រង្ស៊ី និយាយចោទប្រកាន់ប្រាប់វិទ្យុអាស៊ីសេរីថា ផ្អែកលើ «បទពិសោធន៍» របស់គាត់ករណីបាញ់សម្លាប់នោះជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកាន់អំណាចក្នុងប្រទេសកម្ពុជា។

សម្តេចបវរធិបតី បានមានប្រសាសន៍នៅថ្ងៃទី២០ មករា បង្ហាញការឆ្ងល់ថា ហេតុអ្វីបានជា សម រង្ស៊ី នោះ ហ៊ាននិយាយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល បើសូម្បីតែឃាតករសង្ស័យពេលនោះនៅមិនទាន់បានចាប់ខ្លួននៅឡើយផងនោះ?

«មួយថ្ងៃៗ…គ្រាន់តែគេបាញ់ភ្លាម មិនទាន់ចាប់ឃាតករបានផង ដើរតួជាប៉ូលីស …ដើរតួជាព្រះរាជអាជ្ញា…ដើរតួជាតុលាការកំពូលកាត់ថា សម្តេចតេជាអ្នកបញ្ជារួចបាត់ទៅហើយ… តើយុត្តិធម៌ទេអញ្ចឹង…បានតែថា គាត់ហ្នឹងភ្នែកទិព្វ… បានន័យថាគាត់យករឿងហ្នឹងជារឿងអាជីវកម្មនយោបាយរួចទៅហើយ។ តុលាការ គេមិនទាន់ចាប់បានផង ខ្លួនឯងកាត់សេចក្តី ហើយកាត់សេចក្តីនេះ មិនមែនសាលាដំបូងទេលោកតាលោកយាយ…កាត់សេចក្តីនេះ គឺសាលាកំពូលហើយបិទផ្លូវតវ៉ា… បានន័យថា គាត់ចោទថា សម្តេចតេជោគណបក្សប្រជាជន…រដ្ឋាភិបាលជាអ្នកធ្វើឃាត»

យោងតាមច្បាប់ ការចោទប្រកាន់ជាសាធារណៈពីនរណាម្នាក់ ថាជាមេខ្លោងមុនពេលដំណើរការតុលាការ បានបញ្ចប់នឹងត្រូវបានគេចាត់ទុកថា ជាទង្វើបង្ហាញអំពើបរិហារកេរ្តិ៍ ឬការរើសអើងមតិសាធារណៈ ដែលអាចរំខានដល់សិទ្ធិរបស់បុគ្គលនោះក្នុងការកាត់ក្តីដោយយុត្តិធម៌។

ម្យ៉ាងវិញទៀត វាមិនមែនជាលើកទី១ទេ ដែល សម រង្ស៊ី បានប្រើប្រាស់ការផ្សាយប្រព័ន្ធឃោសនាមិនឯករាជ្យដូចជាវិទ្យុអាស៊ីសេរីនោះជាដើម ក្នុងការជួយបន្ទរការឃោសនាព័ត៌មានមិនពិតដើម្បីសម្តីលាបពណ៌ដាក់កំហុសមកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងឆ្នាំ២០១៣ និងក្នុងឆ្នាំ២០១៨ជាដើម នៅមុនការបោះឆ្នោតសកលទាំង២ បានប្រព្រឹត្តទៅនោះវិទ្យុអាស៊ីសេរី តែងជួយបំប៉ោងនូវសម្តីឃោសនារបស់ សម រង្ស៊ី ដែលនិយាយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលអំពីការ បោះឆ្នោតគ្មានតម្លាភាព សេរី និងយុត្តិធម៌ បើទោះបីជាដំណើរការបោះឆ្នោត មិនទាន់បានប្រព្រឹត្តទៅក៏ ដោយ។ នេះគឺជាល្បិចនិងឧបាយកលមួយដែល សម រង្ស៊ី និងបក្ខពួកតែងទម្លាប់ធ្វើជាប្រចាំ ដើម្បីរកការទម្លាក់កំហុសដាក់មកលើរាជរដ្ឋាភិបាល។

សម្តេចបវរធិបតីថ្លែងថា សម្តីចោទប្រកាន់របស់ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេសនោះ គឺជាទង្វើរកការកេងចំណេញនយោបាយ៖

«គេកំពុងតែធ្វើនយោបាយ កេងចំណេញនយោបាយ…រដ្ឋាភិបាលមិនគាំទ្រ ហើយថ្កោលទោសចំពោះការបាញ់ប្រហារការធ្វើឃាត…ហើយយើងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព។ ហើយខ្ញុំសូមអ្នកនយោបាយកុំយកធ្វើអាជីវកម្មលើសព ដូចធ្លាប់ធ្វើកន្លងទៅ។ ដូចខ្ញុំនិយាយអញ្ចឹង មិនទាន់បានអីផង ចោទ… ឥឡូវលោកតា លោកយាយ អ៊ុំពូមីងបងប្អូន សំណួរសួរថា ដូចចោទអញ្ចឹង ថាតើបើរាជរដ្ឋាភិបាលជាអ្នកធ្វើ ត្រឹមតែអ្នកបាញ់មួយ ជនដៃដល់មួយបាញ់នៅថៃ រួចរត់ចូលដីខ្មែរ តើរដ្ឋាភិបាលគ្មានលទ្ធភាព លាក់បំបាំងម្នាក់ហ្នឹងឬទេ? យើងមានលទ្ធភាពគ្រប់បែបយ៉ាង ប៉ុន្តែសួរថា ហេតុអ្វីបានជាចូលមកភ្លាម រដ្ឋាភិបាល កម្លាំងសមត្ថកិច្ចយើង ត្រូវចាប់ជនដៃដល់នោះភ្លាម…ហើយបញ្ជូនទៅឲ្យថៃ តាមការស្នើសុំរបស់គេ ដើម្បីធ្វើការស៊ីបអង្គេតបន្ត… ព្រោះយើងចង់ដឹងថា តើរឿងនេះវាយ៉ាងម៉េចផងដែរ? ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌រួចទៅហើយ មិនទាន់ទាំងមានសួរ មិនទាន់ទាំងរកឃើញមុខសញ្ញាឃាតករ…គេចោទរួចទៅហើយ ហើយបិទផ្លូវតវ៉ាទៀត»។

អាជ្ញាធរថៃ ក្រោយពីបើកការស៊ើបអង្កេតបឋមបានបញ្ជាក់ថា ការបាញ់ប្រហារនេះមិនមានហេតុផលពាក់ព័ន្ធនឹងរឿងនយោបាយទេ។ អគ្គស្នងការនគរបាលជាតិថៃលោកឧត្តមសេនីយ៍ Kittirat Panpetch បានបញ្ជាក់ជាផ្លូវការប្រាប់អ្នកសារព័ត៌មានថៃថា ការបាញ់សម្លាប់នោះគឺ ផ្តើមចេញពីគំនុំជម្លោះបុគ្គល។

ប៉ុន្តែនៅពេលដែលប៉ូលីស ថៃបញ្ជាក់ថាការបាញ់សម្លាប់នេះ គឺជារឿងគំនុំបុគ្គលនោះ ស្រាប់តែក្រុមជ្រុលនិយម បែរជានិយាយជះកំហឹងដាក់មកលើអាជ្ញាធរថៃ និងថែមទាំងសរសេរចោទប្រមាថថា«រដ្ឋាភិបាលត្រកូលថាក់ស៊ីន ជាជំរកឃាតកររបស់ត្រកូល ហ៊ុន» និងចោទទៀតថា មានការឃុបឃិត ដោះដូរឱ្យកោះគុតទៅថៃ ទើបបានជារដ្ឋាភិបាលថៃ ជួយបិទបាំងកំហុសបាញ់សម្លាប់លោក លិម គិមយ៉ា នោះ។

សម្តេចបវរធិបតី បង្ហាញក្តីហួសចិត្តដោយសារតែក្រុមជ្រុលនិយម ហ៊ានប្រើសម្តីនិយាយមួលបង្កាច់ការពិត បើទោះបីជាប៉ូលីសថៃបញ្ជាក់ថាករណីបាញ់ប្រហារនោះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ៖

«មួយថ្ងៃៗចេះតែចោទ ឥឡូវចាប់ដំបូង គេថាបញ្ចូនទៅឲ្យថៃទៅ…ថៃទើបស្រាវជ្រាវមានយុត្តិធម៌ត្រឹមត្រូវ…ដល់ឥលូវយើងមិនលាក់លៀម…យើងបញ្ចូនទៅឱ្យថៃស្រាវជ្រាវ…ប៉ូលីសថៃប្រកាសហើយថារឿងនេះ ជារឿងគំនុំផ្ទាល់ខ្លួន…អ្នកជួលឲ្យបាញ់…មិនមែនរឿងនយោបាយ ឥឡូវអ្នកនយោបាយដដែលនៅក្រៅប្រទេសនាំគ្នាជេរថៃទៀត។ និយាយរួមគាត់ថា ទាល់តែអ្នកនិយាយមកស្រាវជ្រាវ ទាល់តែឃើញថា ស្អីដែលគាត់កាត់សេចក្តីសន្និដ្ឋានតាំងពីដំបូងទីមកបានគាត់ព្រម…ក្រៅពីហ្នឹងគឺអត់។

បានន័យថា ខ្លួនឯងកំពុងតែយកចំណេញនយោបាយរួចទៅហើយ…គេមិនយកចិត្តទុកដាក់មិនឱ្យតម្លៃទៅលើសមត្ថកិច្ចស្រាវជ្រាវតាមជំនាញ…នៅថៃនោះ យើងមាននូវលទ្ធភាពអ្វី? ឥឡូវវនេះ ទៅថារាជរដ្ឋាភិបាលដោះដូររឿងនេះជាមួយកោះគុត ថាសម្តេចតេជោ ដោះដូរកោះគុត ដើម្បីកុំឱ្យថៃចោទដាក់។ ខ្ញុំថានិយាយយូរៗ ជាន់ជើងខ្លួនឯង…កាលពីប៉ុន្មានអាទិត្យមុនប្រាប់ថារាជរដ្ឋាភិបាល បានលួចកោះគុតហ្នឹង ទៅឱ្យថៃរួចទៅហើយ។ ចុះឥលូវមានត្រូវដោះដូរអីទៀត បើឱ្យគេទៅហើយ។ និយាយនេះ និយាយពាំត្រណោតវិលជុំ…តើរដ្ឋាភិបាលចាំបាច់ល្ងង់ដែរ បើខ្លួនអ្នករៀបចំផែនការ ចាំបាច់ឃាត់ខ្លួនជនដៃដល់ហើយបញ្ជូនទៅឱ្យថៃ?

យើងអាចលាក់ទុក ឬក៍មិនបាច់បញ្ចូនទៅទេ…ហើយយើងស៊ើបខ្លួនឯងទៅ។ តែដើម្បីបញ្ជាក់នូវភាពស្អាកស្អំ ដើម្បីតម្លាភាព យើងបញ្ចូនទៅឱ្យថៃឱ្យគេស្រាវជ្រាវទៅ…បញ្ជាក់ហើយឲ្យយើងដឹងផងថា តើលទ្ធផលយ៉ាងម៉េច…ពីព្រោះរដ្ឋាភិបាលកម្ពុជាក៍ចង់ដឹងដែរ…រឿងអ្វី? ព្រោះដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធតែគេចោទយើង។ ហើយបើយើងធ្វើខ្លួនឯង ទោះបីធ្វើសុក្រឹតយ៉ាងណា ក៍គេនៅតែចោទអញ្ជឹងយកទៅឱ្យថៃធ្វើទៅ ឥលូវធ្វើមិនដូចចិត្តគេ គេជេរដោយទាំងថៃទៀត»។

សម្តីញុះញង់ បង្កើតរឿងធំចំនួន២វេលាចុងក្រោយរបស់ក្រុមជ្រុលនិយម ទាំងករណីស្រូវចុះថោក និងអំពើឃាតកម្មលើលោក Lim Kimya នេះ តាមពិតគឺជាឧបាយកល ដែលក្រុមជ្រុលនិយមបានរៀបចំតាំងពីដើមទីរៀងមកដើម្បីឱ្យស្របតាមសេណារីយោទុច្ចរិតរបស់ខ្លួន ក្នុងការរុញនិងទម្លាក់កំហុសទាំងអស់ដាក់តែទៅលើក្រុមគ្រួសារត្រកូល «ហ៊ុន» និងលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចបវរធិបតី បានថ្លែងប្តេជ្ញាថារាជរដ្ឋាភិបាលមិននៅស្ងៀមឡើយនូវសម្តីចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល និងប្តេជ្ញាការរកតម្លាភាពបញ្ជាក់នូវភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានទំនួលខុសត្រូវចំពោះជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន៖

«អង្គុយមើលយូរហើយ តឹងទ្រូងដែរហើយ ហើយប្រជាជនខ្លះទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកនៅលើវេទិកានេះ (នឹងសួរថា) ម៉េចក៏រដ្ឋាភិបាលស្ងាត់ម្ល៉េះ? រឿងកសិផលគេស្រែកចាចយើងអត់មានពន្យល់អ្វីទេឬ? រឿងបាញ់សម្លាប់មនុស្ស គេចោទមេដឹកនាំរដ្ឋាភិបាលអត់មាត់ទេពិត ឬមិនពិត? ឥឡូវខ្ញុំសូមបញ្ជាក់រឿងពីហ្នឹង…អញ្ចេះ…និតិវិធី កំពុងដំណើរការ…សមត្ថកិច្ចរបស់យើង ត្រៀមសហការជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីស៊ើបអង្កេតលើរឿងនេះ។

យើងមិនអាចសន្និដ្ឋានជំនួសតុលាការ ជំនួសសមត្ថកិច្ចទេ។ មិនដូចអ្នកខ្លះ ពេលមិនទាន់ទាំងចាប់ជនដៃដល់បានផង សន្និដ្ឋានរួចទៅហើយ…កាត់សេចក្តីរួចទៅហើយ…ចោទសម្តេចតេជោ…ចោទគ្រួសារ…ចោទរាជរដ្ឋាភិបាលរួចទៅហើយៗស្អីក៏ដោយ…ស្រាវជ្រាវអីក៏ដោយ បើមិនបានដូចគេគិត គឺថាអត់បានការទាំងអស់។ នេះហើយ គឺជាភាពមានៈនឹងការចង់ចំណេញនយោបាយរបស់អស់លោកមួយចំនួននៅក្រៅប្រទេស។ ហើយខ្ញុំសូមប្រាប់ ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនដល់ពូមីងបងប្អូន លើប្រធានបទទាំងពីរនេះ។ រាជរដ្ឋាភិបាល មិនបាននៅស្ងៀម…ទាំងរឿងកសិកម្ម យើងនៅបន្តអន្តរាគមន៍ជាប់ទាំងរឿងឃាតកម្មយើងបានសហការយ៉ាងសកម្មដើម្បីរកកិច្ចការងារនេះ ដើម្បីធានាព្រោះរដ្ឋាភិបាលជាអ្នកខាត បើសិនជាយើងមិនដោះ មិនចាត់ចែងគេចោទដាក់លើរដ្ឋាភិបាល»។

ការស្វែងរកយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា នឹងមិនត្រូវផ្អែកតែទៅលើសម្តីចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនឯងនោះឡើយ។ រដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលថៃ គឺជារដ្ឋាភិបាលដែលមានការទទួលខុសត្រូវ និងនៅតែប្តេជ្ញាចិត្តចំពោះតម្លាភាព និងការលើកកម្ពស់យុត្តិធម៌។ កម្ពុជានិងថៃ មិនឱ្យសម្តីចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក លុបបំបាត់នូវយុត្តិធម៌ដ៏ពិតប្រាកដ សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គេឡើយ… ហើយនៅជាមួយគ្នានេះអាជ្ញាធរថៃ ថែមទាំងបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាមិនបានជាប់ពាក់ព័ន្ធករណីឃាតកម្ម លិម គិមយ៉ា ឡើយ៕