(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសន្ទុះសេដ្ឋកិច្ចរបស់ចិន អាចនឹងវ៉ាដាច់សេដ្ឋកិច្ចរបស់អាមេរិកនៅពេលខាងមុខ ប៉ុន្តែបើនិយាយអំពីផ្នែកផ្សេងៗទៀតដើម្បីអាចដណ្ដើមចំណាត់ថ្នាក់លេខ១ លើពិភពលោក នោះប្រហែលជាត្រូវការពេលយូរបន្តិចសម្រាប់ចិន។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ នៅក្នុងកម្មវិធី Fresh Talk។

ការឆ្លើយតបបែបនេះរបស់លោកបណ្ឌិតបានធ្វើឡើង តាមរយៈការប្រកាសរបស់ប្រធានាធបិតីអាមេរិកលោក ចូ បៃដិន ថា សហរដ្ឋអាមេរិកនឹងនៅតែឈរជាកំពូលមហាអំណាចលេខ១នៅលើពិភពលោក ហើយចិននឹងមិនអាចវ៉ាដាច់សហរដ្ឋអាមេរិកឡើយ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងទទួលបានជ័យជម្នះ ក្នុងការប្រកួតប្រជែងនៅជុំវិញពិភពលោក បើធៀបទៅនឹងកាលពីជាង៤ឆ្នាំមុន។ អាមេរិកគឺខ្លាំងក្លា សម្ព័ន្ធមិត្តរបស់យើងក៏ខ្លាំងក្លា រីឯសត្រូវ និងគូប្រជែងរបស់យើងកំពុងចុះខ្សោយ»។ លោក បៃដិនបន្តទៀតថា «តាមការព្យាករចុងក្រោយបំផុតលើដំណើររបស់ចិនសព្វថ្ងៃ ពួកគេនឹងមិនអាចវ៉ាដាច់យើងនោះទេ»។ លោក បៃដិន បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថាលាគ្នាមួយទៅកាន់ក្រុមមន្ត្រីទូត កាលពីថ្ងៃចន្ទ ទី១៣ ខែមករា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើ កត្តាអ្វីខ្លះដែលនាំឱ្យចិន មិនអាចវ៉ាដាច់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលខ្លីខាងមុខនោះ សូមទស្សនិកជនទស្សនាការពន្យល់ពីលោកបណ្ឌិត ស៊ឺន សំ ដូចតទៅ៖