(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា ការពង្រឹងការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើសហគ្រាសគ្រឹះស្ថានផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ គឺជាការធានានូវការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារសមរម្យ ដោយគ្រប់ភាគីពាក់ព័ន្ធត្រូវគោរពឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីការងារ និងធានាបាននូវការអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។

លោក កត្តា អ៊ន រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា អធិការការងារនឹងចាត់វិធានការផាកពិន័យរោងចក្រ សហគ្រាស គ្រឹះស្ថាន យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន ប្រសិនបើអធិការការងាររកឃើញថា សហគ្រាសគ្រឹះស្ថាននោះ អនុវត្តច្បាប់ស្តីពីការងារមិនបានត្រឹមត្រូវ និង/ឬ គិតអត្ថប្រយោជន៍ជូនកម្មករនិយោជិតមិនត្រឹមត្រូវ ឬក្នុងករណីមានការខកខានទូទាត់ដែលនាំឱ្យមានវិវាទការងារកើតឡើង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការពង្រឹងអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីសម្រេចបាននូវគោលដៅរបស់កម្ពុជា ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាទិសដៅការងារយ៉ាងសំខាន់របស់ក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ។ លោកសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងអនុវត្តឱ្យបានត្រឹមត្រូវរាល់បទប្បញ្ញតិនិងលិខិតបទដ្ឋានគតិយុត្តស្តីពីការងាររបស់កម្ពុជា ដើម្បីធានាអត្ថប្រយោជន៍ និងសិទ្ធិកម្មករនិយោជិត។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន២ដង ក្នុង១ខែ។

ទន្ទឹមនឹងនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។

ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬអត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការ តាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ ជាយថាហេតុ៕