(ភ្នំពេញ)៖ លោកស្រី សានដ្រា បឺនក្លាវ តំណាងអង្គការ UNFPA បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា សម្រាប់ភាពជាដៃគូ ក្នុងការងារជួយស្ត្រីក្នុងអំឡុងពេលមានគ្រោះមហន្តរាយ និងភាពងាយរងគ្រោះនៅពេលនេះ និងជាបន្ដបន្ទាប់ទៀត។

ការថ្លែងយ៉ាងដូច្នេះរបស់តំណាងអង្គការ UNFPA ក្នុងឱកាសដែលមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងកាកបាទក្រហមកម្ពុជា បានសហការគ្នា ក្នុងការចែកកញ្ចប់សម្ភារៈចាំបាច់សម្រាប់ស្ត្រី ជាច្រើនរយកញ្ចប់ ដល់ស្រ្តីរងគ្រោះដោយគ្រោះធម្មជាតិ និងអ្នកនៅក្នុងពន្ធនាគារ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា កាលពីចុងសប្ដាហ៍នេះ។

តំណាងអង្គការ UNFPA បានថ្លែងបន្ដថា «គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់យើងក្នុងការពង្រឹងភាពជាដៃគូ និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះទេ»

សូមជម្រាបជូនថា ក្នុងដំណើរចុះសួរសុខទុក្ខស្ត្រីក្នុងពន្ធនាគារ និងស្ត្រីងាយរងគ្រោះបំផុតរងគ្រោះដោយទឹកជំនន់ខាងលើនេះ បាននាំមកជាមួយនូវកញ្ចប់សម្ភារៈសម្រាប់ស្ត្រីនៅក្នុងសហគមន៍ក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ ស្ត្រីទាំងអស់ទទួលបាន អង្ករសុខភាព, សម្ភារៈប្រើប្រាស់, ប័ណ្ណផ្សព្វផ្សាយអំពីវិធីអប់រំការពារសុខភាពស្ត្រី, និងថវិកាមួយចំនួនផងដែរ។

ក្នុងដំណើរចុះសួរសុខទុក្ខស្ត្រីក្នុងពន្ធនាគារ និងស្ត្រីងាយរងគ្រោះបំផុតរងគ្រោះដោយទឹកជំនន់ខាងលើនេះ ជាផ្នែកមួយក្នុងបេសកកម្មរបស់ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅលើទឹកដីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រយៈពេល២ថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ ដែលសម្រេចបានការងារអាទិភាពសំខាន់ៗចំនួន៣ ដែលដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រែយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនេះ គឺជាគំនិតផ្ដួចផ្ដើមឡើងដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្រាប់ការងារដែលសម្រេចបានចំនួន ៣ខាងលើនេះ គឺរួមមាន៖

* ការងារទី១ គឺបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍» ជូនដល់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ, អនុសាខាទាំង៧ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន ៣៩នាក់ (ស្រី១២នាក់) និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម, អនុសាខាទាំង១០ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា សរុបចំនួន ៤២នាក់ (ស្រី ១៨នាក់)។

«វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់ ពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយជាពិសេសចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្តទៅដល់សាខា-អនុសាខា និងរីកសាយទៅដល់កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិ-ឃុំ។ បន្ថែមពីនេះ ការងារនេះមិនត្រឹមតែផ្តោតលើសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍ប៉ុណ្ណោះទេ គឺថែមទាំងពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការគិតគូរអំពីការទប់ស្កាត់បញ្ហាជំងឺមិនឆ្លងទាំង៤សំខាន់ៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលកំពុងប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង»

* ការងារទី២ គឺចុះសួរសុខទុក្ខស្ត្រីក្នុងពន្ធនាគារ ចំនួន ៦៩នាក់ ក្នុងពន្ធនាគារមាត់ឃ្មង់ ខេត្តត្បូងឃ្មុំ និងស្រ្តីចំនួន ៥០នាក់ទៀត ក្នុងពន្ធនាគារ ខេត្តកំពង់ចាម។ ការចុះសួរសុខទុក្ខនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការអប់រំផ្លូវចិត្តដល់របស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។»

ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងទៅកាន់អ្នកជាប់ពន្ធនាគារថា «បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់, ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ, ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា»

និងការងារទី៣ ក្នុងបេសកកម្មនេះ គឺចុះសួរសុខទុក្ខ អប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដល់ស្ត្រីងាយរងគ្រោះបំផុត ដែលធ្លាប់ទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកចំនួន ១៣០នាក់ នៅខេត្តត្បូងឃ្មុំ និងចំនួន ១៤០នាក់ នៅខេត្តកំពង់ចាម៕