(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយលោក មួង ប៉ាង អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ៥៣គ្រួសានៅស្រុកតាវែងខេត្តរតនគិរី។

អំណោយរបស់រាជរដ្ឋាភិបាល ដែលលោកអភិបាលខេត្ត និងលោកស្រីនាំយកមកចែកជូនប្រជាពលរដ្ឋទាំង៥៣គ្រួសារ នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ០១បេ, មីជាតិ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ភួយ១ និងមុង១។

នាឱកាសនោះ លោក ញ៉ែម សំអឿន បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរីជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់ រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ លើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត៕