(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានរៀបចំបើកសន្និបាតបូសរុបលទ្ធផលកាងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្ត និងតាមបណ្តោយព្រំដែន លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាងមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ យកចិត្តទុកដាក់ក្នុងការ បំពេញតួនាទី ភារកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ និងបានផ្តល់កិច្ចសហការការងារបានយ៉ាងល្អប្រសើរ រហូត ទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូន សង្គមជាតិ និងប្រជាជនក្នុងមូលដ្ឋានខេត្តព្រះវិហារទាំងមូល។
លោកអភិបាលខេត្តថ្លែងថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនោះសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានមានជាអាទិ៍៖ កម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចងើបផុតពីវិបត្តិសង្គ្រាម ពិភពលោក និងសុខភាពសាកលកូវីដ-១៩ រក្សាបាននូវស្ថានភាព ស្ថេរភាពនយោបាយ សង្គម និងឯកភាពជាតិដ៏រឹងមាំ តាមរយៈ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក អាណត្តិទី៤ បានបញ្ជាក់អំពីភាពចាស់ទុំ នៃលទ្ធិ ប្រជាធិបតេយ្យ បរិយាកាសសន្តិភាព តម្លាភាព អព្យាក្រឹត និង យុត្តិធម៌ក្នុងដំណើរការបោះឆ្នោត និងបានបង្ហាញការគាំទ្រយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីប្រជាពលរដ្ឋទៅលើការដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រេចបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ គឺជាប្រវត្តិសាស្ត្រដំបូងរបស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាង សង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងជាការផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រែកជីកនេះ នឹងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនឥតគណនា ជូនប្រជាជនកម្ពុជា។
បានអនុវត្តដោយជោគជ័យនូវគម្រោង «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកា កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវ៉ាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែក ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញ ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកប ដោយចីរភាព។
ថ្មីៗនេះនៅក្នុងខណៈពេលដែលស្ថានភាពតម្លៃស្រូវ និងកសិផល ផ្សេងៗ នៅមិនទាន់មានស្ថេរភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារអាមេរិក និងបាន អំពាវនាវឱ្យអ្នកវិនិយោគ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ចូលរួមចំណែកផ្តល់ជាទុនវិនិយោគដល់ម្ចាស់សហគ្រាស និងការទិញស្រូវពីកសិករ ដែលធ្វើឱ្យចំនួនថវិកា ដែលបានបញ្ចេញសរុបលើវិស័យ ស្រូវអង្ករនេះ កើនឡើងដល់ជាង ២០០លានដុល្លារ និងមានការចូលរួមពីវិនិយគិន សប្បុរសជន និងបណ្តាដៃគូនានា ជាច្រើនបន្ត បន្ទាប់បន្ថែមទៀត។
លោក គីម រិទ្ធី បានថ្លែងទៀតថា រដ្ឋបាលខេត្តព្រះវិហារ បានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ ការកំណែទម្រង់ស៊ីជម្រៅនានា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត និង នៅតាមបណ្តោយព្រំដែន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ បទល្មើសជលផល បទល្មើសឆ្លងដែនខុសច្បាប់ ក្មេងទំនើង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែល នាំឱ្យសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈមានសភាពស្ងប់ស្អាត់ល្អប្រសើរ។ដោយឡែក ចំពោះកិច្ចគាំពារសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្ត ក៏សម្រេចបានសមិទ្ធផលជាច្រើន គួឱ្យកត់សម្គាល់ផងដែរ។
លោកអភិបាលខេត្តថ្លែងបម្តថា សមិទ្ធផលដែលសម្រេចបានជោគជ័យ និងការរីកចម្រើនលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តនេះ គឺបានមកពីការខិតខំ ប្រឹងប្រែង រួបរួមសាមគ្គី កិច្ចការសហការល្អ និងការប្តេជ្ញាចិត្តខ្ពស់របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទី ភារកិច្ច ជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ការឆ្លើយតប និងដោះស្រាយនូវ ការលំបាកនៅមូលដ្ឋាន។
លោក គីម រិទ្ធី ថ្លែងបញ្ជាក់ថា យើងជួបជុំគ្នានៅក្នុងអង្គសន្និបាតនៅថ្ងៃនេះ គឺដើម្បីរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ នៅក្នុងក្របខណ្ឌ នៃការអនុវត្តតួនាទី ភារកិច្ចស្របតាមច្បាប់កំណត់ និងកិច្ចសហការសម្របសម្រួលកិច្ចការនានា ជាពិសេសការកំណត់ ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។
ទន្ទឹមនឹងនេះ អង្គសន្និបាត នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ ដែល ផ្តោតសំខាន់លើ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស, ការលើកកម្ពស់ការ ផ្តល់សេវា, និងការគ្រប់គ្រង ធនធានធម្មជាតិ ដើម្បីពិភាក្សាផ្លាស់ប្តូរ យោបល់ ចែករំឡែកបទពិសោធន៍ផ្សេងៗ និងប្រមូលធាតុចូលពី សមាជិក សមាជិកា នៃអង្គសន្និបាត ដាក់ចេញជាទិសដៅការងារ និងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ខាងមុខ៕