(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ក្រោមការដឹកនាំ និងសម្របសម្រួលដោយបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាសភាពសរុបប្រមាណ ១២០រូប មកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំដែលត្រូវបានរៀបចំកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងកិច្ចប្រជុំលើកទី១នោះ អង្គប្រជុំបានពិនិត្យលើខ្លឹមសារ និងវឌ្ឍនភាពនៃការរៀបចំយុទ្ធ-សាស្រ្ដសំខាន់ៗ ក្រោមកម្មវិធិកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ៥ រួមមាន៖ (១) យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥, (២) យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធ លទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, (៣) យុទ្ធសាស្រ្ដស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ២០១៩-២០២៥, (៤) ផែនការយុទ្ធសាស្រ្ដ ស្ដីពីការកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, និង (៥) យុទ្ធ-សាស្រ្ដស្ដីពីការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥។

ដោយឡែកសម្រាប់ការប្រជុំលើកទី២ នេះ គឺដើម្បីពិនិត្យលើឯកសារគោល និងយុទ្ធសាស្រ្ដសំខាន់ៗបន្ថែមចំនួន ៨ រួមមាន៖ (១) យុទ្ធសាស្រ្ដកៀរគរចំណូលកៀរគរចំណូលដំណាក់កាលទី៣, (២) ឯកសារគោលស្តីពីការកែទម្រង់ការ-គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, (៣) ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, (៤) ផែនទីបង្ហាញផ្លូវសម្រាប់ដោះស្រាយចំណាយកកស្ទះ, (៥) ផែនការពង្រឹង និងពង្រីកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), (៦) ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៧) យុទ្ធសាស្រ្ដស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ, និង (៨) ក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច។

កិច្ចប្រជុំទាំង ២លើកនេះ ត្រូវបានរៀបចំ ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។

បណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់បន្ថែមថា វឌ្ឍនភាពពេញមួយឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្លុះបញ្ចាំងអំពីឆន្ទៈ ការប្រឹងប្រែង និងកិច្ចសហការរបស់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាអាទិ៍៖ អង្គភាពក្រោមឱវាទ កសហវ., ក្រសួង ស្ថាប័ន, មន្ទីរ សហវ. រាជធានី ខេត្ត, រដ្ឋបាលរាជធានី ខេត្ត, ជាពិសេសកិច្ចសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍ ក្រោមអនុសាសន៍ណែនាំតម្រង់ទិសរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីបញ្ចប់បទបង្ហាញ និងការពិភាក្សាយ៉ាងផុសផុលបណ្ឌិត យ៉េត វីណែល បានស្នើឡើងនូវអនុសាសន៍ សម្រាប់គ្រប់អង្គភាព និងស្ថាប័នដែលមានការពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការទាំងឡាយ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្ដនានា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្លើយតបទៅនឹងបរិការណ៍ នៃការប្រែប្រួលយ៉ាងឆាប់រហ័ស នៃសង្គម-សេដ្ឋកិច្ចសកលលោក៕