(មណ្ឌលគិរី)៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ចាន់ វាសនា ប្រធានសាខា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ ម្ហូបអាហារវិចខ្ចប់ស្រាប់នៅផ្សារពូជ្រៃ និងបានធ្វើតេស្តរកសារធាតុគីមី ( BORAX ) នៅក្នុង ត្រីងៀត សាច់ក្រក នំបញ្ចុក លត ដើម្បីរកមើលទំនិញខូចគុណភាព និងបានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព ដែលរឹបអូសពីអាជីវករ។
លោក ចាន់ វាសនា បានឲ្យដឹងថា ក្រុមការងារបានធ្វើការត្រួតពិនិត្យ តាមតូបលក់ទំនិញ ដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកជ្រលក់ ដែលនាំចូលពីប្រទេសវៀតណាម មានជាតិ ARSENIC តែជាលទ្ធផលពុំបានរកឃើញនោះទេ និងបានធ្វើតេស្តរកសារធាតុគីមី ( FORMALIN) នៅក្នុង មឹកសមុទ្រ -ធ្វើតេស្ត រកសារធាតុគីមី sodium hydro sulfite (ម្សៅស) នៅក្នុងសណ្តែកបណ្តុះ ខ្ញីហាន់រួច ផ្លែប៉ម ផ្លែឪឡឹក។ ជាលទ្ធផល ពុំឃើញមានសារធាតុគីមីទេ ព្រោះ សាខាកាំកុងត្រូល បានចុះត្រួតពិនិត្យនិងអប់រំ អាជីវករជាប្រចាំឲ្យអ្នកលក់យល់ដឹង ពីសុវត្តិភាព ម្ហូបអាហារដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។ លោកប្រធានសាខា ក៏បានណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ជៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ បានបិទរូបភាពដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំកុងត្រូលស្តីពី សូមពិចារណាមុននឹង ជ្រើសរើសផលិតផល ម្ហូបអាហារ ណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីរូបភាពជាបឋមនូវមុខទំនិញ ណាគួរប្រើប្រាស់ និងមុខទំនិញណាមួយមិនគួរប្រើប្រាស់។
លោក ចាន់ វាសនា បានបន្តថា នៅក្នុងការចុះពិនិត្យទំនិញ ក្រុមកាងារក៏បានបិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។ ជាពិសេសនៅពេលរដូវបុណ្យទាន ជិតចូលមកដល់ បង ប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ លោក ចាន់ វាសនា ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕