(បាត់ដំបង-បន្ទាយមានជ័យ)៖ ក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនៃក្រុមគ្រួសារសព លោក ពៅ ណេពីន និងលោក អឿន ចាន់ដារ៉ា ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤៥នាទីព្រឹក ក្នុងឧបទ្ទវហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដោយផ្ទាល់ដល់គេហដ្ឋាននៃសព នៅក្នុងខេត្ដបន្ទាយមានជ័យ និងខេត្ដបាត់ដំបង កាលពីចុងសប្ដាហ៍នេះ។
ក្នុងឱកាសនោះ លោក យូ ឡាណា បានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោក ដឹកនាំសហការី ដើម្បីចូលរួមរំលែកទុក្ខដោយផ្ទាល់ និងនាំមកជាមួយនូវថវិកាជូនគ្រួសារសពទាំងពីរនេះ ដែលក្នុងមួយគ្រួសារ ចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពផងដែរ។
សាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ «ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ជាប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ប្រកបដោយក្តីសោកស្តាយអាឡោះអាល័យពន់ពេក ចំពោះមរណភាព លោក ពៅ ណេពីន និងលោក អឿន ចាន់ដារ៉ា អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ មរណភាពរបស់លោក ពៅ ណេពីន និងលោក អឿន ចាន់ដារ៉ា ជាការបាត់បង់កូនជាទីស្រឡាញ់ ញាតិមិត្ត និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវកតញ្ញូតាធម៌ និងប្រតិបត្តិតាមគន្លងធម៌ចំពោះ ឪពុក ម្តាយ និងក្រុមគ្រួសារ នេះជាការបាត់បង់វីរយុទ្ធជនរបស់អង្គភាពស៊ីម៉ាក់ (CMAC) ប្រចាំទិសឧត្តរមានជ័យមួយរូប ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយសេចក្តីមោះមុត អង់អាចក្លាហាន រហូតពលីជីវិត ក្នុងបុព្វហេតុសេចក្តីសុខក្សេមក្សាន្តរបស់ប្រទេសជាតិ មាតុភូមិ ក្រោមម្លប់សន្តិភាពពេញបរិបូរណ៍។ ទោះបីរូបកាយរបស់លោកទាំងពីរបានលាចាកទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌នឹងស្ថិតនៅក្នុងក្តីចងចាំរបស់លោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ ជានិច្ចនិរន្តរ៍។ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពៅ ណេពីន និងលោក អឿន ចាន់ដារ៉ា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ទន្ទឹមនឹងនោះក្រុមគ្រួសារសពខាងលើ បានគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់តំណាងមកចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ដែលនេះជាការយកចិត្ដទុកដាក់ខ្ពស់ពីមាតាមនុស្សធម៌។ ជាមួយគ្នានេះ គ្រួសារសពខាងលើ ក៏បានគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ៕