(ព្រែវែង)៖ រោងម៉ាស៉ីនកិនស្រូវ ឈិត ប៊ុនថន ដែលជារោងម៉ាស៉ីនកិនស្រូវដ៏ធំមួយក្នុងខេត្តព្រៃវែង បានប្រកាសទទួលទិញស្រូវគ្រប់ប្រភេទពីរបងប្អូនប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃពី៥០០តោន ទៅ៧០០តោន រហូតដល់ទិញអស់លទ្ធភាព ដើម្បីជួយដល់កសិករខ្មែរ ពិសេសកសិករដែលកំពុងពិបាកលក់ស្រូវប្រភេទអូអឹម។
ជាមួយគ្នានេះ រោងម៉ាស៉ីននេះ ក៏មានគម្រោងទិញស្រូវរាប់ម៉ឺនតោនបន្ថែមទៀត ក្នុងរដូវប្រមូលផលនេះ។ ប្រជាពលរដ្ឋត្រូវការលក់ស្រូវ អាចទាក់ទងទៅកាន់រោងម៉ាស៉ីន ឈិត ប៊ុនថន តាមរយៈលេខទូរស័ព្ទ៣ខ្សែ៖ ០៩៣/០៦៦/០៩៩ ៩៩៩ ០៤៦។
រោងម៉ាស៉ីននេះបានប្រកាសដូច្នេះថា «រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ទទួលទិញស្រូវគ្រប់ប្រភេទពីរប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃប្រមូលទិញចាប់ពី 500តោន ទៅ 700តោន ជារៀងរាល់ថ្ងៃ បន្តទិញទាល់តែអស់លទ្ធភាព ដើម្បីជួយដល់ប្រជាកសិករខ្មែរយើង ហើយនិងមានគំរោងទិញស្រូវរាប់ម៉ឺនតោន នៅក្នុងរដូវច្រូតកាត់នេះផងដែរ សូមទំនាក់ទំនងតាមរយ:លេខទាំងបីខ្សែ 093/066/099 999 046»។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកមានធនធាន សូមជួយទិញស្រូវពីប្រជាកសិករខ្មែរ ក្នុងអំឡុងពេលដែលកសិករកំពុងជួបបញ្ហាលើតម្លៃស្រូវ។
នៅក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការជួយរបស់សប្បុរសជនទាំងឡាយ តិចក្ដី ច្រើនក្ដីទៅកាន់កសិករនៅពេលនេះ គឺជាទឹកចិត្តដ៏មានតម្លៃចំពោះកសិករ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទឹកចិត្តរបស់សប្បុរសជនទាំងឡាយ ពិតជាប្រសើរជាងអ្នកដែលអួតថា ស្នេហាជាតិនៅក្រៅប្រទេសដែលព្យាយាមឲ្យបរទេសកាត់ជំនួយ និងទីផ្សាររដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ៕