(ព្រះវិហារ)៖ អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ដឹកនាំក្រុមការងារ បន្តដឹកនាំយកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១០៥គ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ពិធីនេះក៏មានការចូលរួមពីលោក តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក នុត សុភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ និងលោកស្រីឧកញ៉ា ពិន នេត្រា និងស្វាមី ព្រមទាំងក្រុមគ្រូពេទ្យសិង្ហបុរីព្រមទាំងក្រុមការងារ នៃ មន្ទីរសំរាកព្យាបាល ស៊ីមេដ អន្តរជាតិ (SingMed International Medical Center) និងក្រុមការងារយុវជនស្រកត្បែងមានជ័យជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ លោក នុត សុភ័ណ្ឌ បានថ្លែងដោយក្តីរំភើបរីករាយ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ព្រមទាំងសប្បរសជនមកពីរាជធានីភ្នំពេញ ដែលបាននាំអំណោយដ៍ថ្លៃថ្លាមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំប្រមេរ នាពេលនេះ។
លោក អ៊ុក គឹមសាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
ជាក់ស្តែងនៅពេលនេះ ក្រុមការងារបាននាំយកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១១០គ្រួសារ នៅស្រុករវៀង ដោយឡែកនៅព្រឹកនេះ គឺបានបន្តយកមកចែកជូនដល់ប្រជាពលរដ្ឋចំនួន១០៥គ្រួសារ ទៀតនៅស្រុកត្បែងមានជ័យរបស់យើង។
លោក អ៊ុក គឹមសាន បានប្រាប់ប្រជាពលរដ្ឋថា «ទីណាប្រជាពលរដ្ឋមានការលំបាក គឺទីនោះតែងតែមានក្រុមការងារសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចុះទៅដល់ភ្លាម ក្នុងន័យជួយដោះស្រាយ រាល់ទុក្ខលំបាក បញ្ហាប្រឈម ក៏ដូចជា ឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ បានទាន់ពេលវេលាភ្លាមៗផងដែរ»។
លោកស្រីឧកញ៉ា ពិន នេត្រា និងស្វាមី ព្រមទាំងក្រុមគ្រូពេទ្យសិង្ហបុរី ព្រមទាំងក្រុមការងារ នៃមន្ទីរសំរាកព្យាបាល ស៊ីមេដ អន្តរជាតិ (SingMed International Medical Center) បានសំដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានមកជួបមុខដោយផ្ទាល់ ជាមួយលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ជាមួយនឹងការចូលរួមចំណែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាំអំណោយមកចែកជូនបងប្អូន ហើយលោកស្រីសន្យាថានៅឱកាសក្រោយៗទៀត លោកស្រី នឹងនាំមកនូវឧបករណ៍វេជ្ជសាស្ត្រ មកធ្វើការពិនិត្យព្យបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តព្រះវិហារយើងដោយឥតគិតថ្លៃថែមទៀតផង។
សូមបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលនាំមកចែកជូនលោកយាយ លោកតា ចំនួន១០៥គ្រួសារ នាពេលនេះរួមមាន៖ មីចំនួន១០៥កេស, ត្រីខចំនួន១០៥យួរ, ក្រម៉ាចំនួន១០៥, សារ៉ុងចំនួន១០៥, ភួយចំនួន១០៥ និងថ្នាំពេទ្យ១០៥កញ្ចប់៕