(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្ត នៅថ្ងៃត្រង់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានផ្ទាល់ដើម្បីដោះស្រាយកង្វល់ដីទំនាស់របស់ប្រជាពលរដ្ឋ នៅជុំវិញអតីតផ្សារចាស់ស្រុកថ្មគោល និងសន្យាធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ទាំងអស់សរុប៧៥គ្រួសារ ស្មើនិងផ្ទះ៧៦ល្វែង ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល ថ្នាក់ដឹកនាំ អាជ្ញាមូលដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។
លោក នឹម ថូត បានឡើងរាយការណ៍ជូនសម្តេចថា ដីទំនាស់របស់ប្រជាពលរដ្ឋដែលមានផ្ទះនៅ ជុំវិញអតីតផ្សារថ្មគោលចាស់នេះ បានកើតបានកើតទំនាស់រ៉ាំរ៉ៃតាំងពីអំឡុងឆ្នាំ២០០៩មក ដែលមានប្រជាពលរដ្ឋរស់នៅទីនោះ ខ្លះមករស់នៅតាំងពីឆ្នាំ១៩៧៩ ខ្លះមករស់នៅពីឆ្នាំ១៩៨៤ ជាបន្តបន្ទាប់មកទល់បច្ចុប្បន្នមាន៧៥គ្រួសារ ស្មើនឹង៧៦ល្វែង។
ជាមួយគ្នានោះដែរ សម្តេច ស ខេង បានប្រាប់ប្រជាពលរដ្ឋថា សម្តេចចុះមកនាពេលនេះ គឺបានសម្រេចដោះស្រាយជូនបងប្អូន ដោយបញ្ជាក់ថា ប្លង់កម្មសិទ្ធិ ត្រូវធ្វើឲ្យរួច ក្នុងអំឡុងជាង១សប្ដាហ៍ និងធ្វើពិធីចែកប័ណ្ណកម្មសិទ្ធិនេះ តាមក្រោយ ហើយសម្ដេចក្រឡាហោម បានបញ្ជាឲ្យមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត ពង្រីកផ្លូវ ចាស់បន្ថែមទទឹង២ម៉ែត្រ ទៀតដោយចាក់ដីក្រហមជូន រយៈពេលធ្វើឲ្យ ហើយប្រហែលមួយសប្តាហ៍ ជាងទើបហើយទាំងស្រុង។
ប្រជាពលរដ្ឋដែលរស់នៅទីនោះទាំងអស់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដោយពួកគាត់បានរួចផុតពីកង្វល់ រឿងដីធ្លីនេះទៀតហើយ ក្រោយមកពួកគាត់បានស្រែកថា «យើងខ្ញុំទាំងគ្នាសូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើរើស តំណាងរាស្រ្តអាណត្តី៦ ឆ្នាំ២០១៨ និងអាណត្តិបន្តទៀត ដើម្បីទទួលជ័យជំនះ បន្តដឹកនាំប្រទេសដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់មានការរីកចម្រើនបន្ថែមទៀត ដល់កូនចៅជំនាន់ក្រោយ»៕