Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករបញ្ចេញមតិ លើតម្លៃកសិផល មិនមែនជារឿងខុសឆ្គងនោះឡើយ (Video inside)

20-01-2025 14:31

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការដែលប្រជាកសិករ គាត់បញ្ចេញមតិ តាមបណ្ដាញសង្គម Facebook ឬក៏តាមរយៈអ្វីផ្សេង លើតម្លៃកសិផល វាមិនមែនជារឿងខុសឆ្គងនោះឡើយ។

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រជានិច្ច ការលើកពីបញ្ហារបស់កសិករ ហើយរាជរដ្ឋាភិបាលតែងចុះដោះស្រាយ រាល់បញ្ហាប្រជាកសិករ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋខ្លះ គាត់សម្ដែងមតិតាម Facebook ជាការកង្វល់ ខ្ញុំគាំទ្រ ហើយក្រសួងយើងដុតដៃដុតជើង ដោយសារ គាត់ស្រែក [...] ប្រជាពលរដ្ឋទូទៅ មិនថាកសិករ មិនថាអ្នកផ្សេងៗ ដែលព្រួយបារម្ភ គាត់ជួយកង្វល់ ហើយគាត់បញ្ចេញមតិ ដើម្បីរដ្ឋាភិបាល ខ្ញុំសូមអរគុណណាស់ គ្មានកំហុសស្អីទេ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការទទួលស្គាល់ និងការចែករំលែកព័ត៌មាន គឺជាការជួយដល់រាជរដ្ឋាភិបាល ដើម្បីខិតខំរកវិធីសាស្ដ្រ ជួយដល់ប្រជាកសិករ ដែលនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល ទទួលស្គាល់ជាក់ស្ដែង តាមរយៈការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើវិស័យកសិកម្មនេះ រាជរដ្ឋាភិបាល មិនមែនគិតត្រឹមរឿងតម្លៃប៉ុណ្ណោះទេ ដើម្បីលើកកម្ពស់​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល បានរៀបចំផ្តល់ដី, រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការចោទរបស់អ្នកនយោបាយប្រឆាំងក្រៅប្រទេសថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីជួយដល់កសិករ គឺមិនផ្តល់យុត្តិធម៌ និងមើលតែមួយជ្រុងតូច ដើម្បីលុបបំបាត់សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលបានធ្វើ៕