(ភ្នំពេញ)៖ ឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមប្រឆាំង ដែលចាំតែរិះគន់មកលើរាជរដ្ឋាភិបាលថា មិនបានធ្វើអ្វីសោះ ដូចជាការរកទីផ្សារជូនកសិករនោះ ពិសេសក្នុងពេលស្រូវប្រភេទអូអឹមធ្លាក់ថ្លៃ នារយៈពេលចុងក្រោយនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈវេទិកាសាធារណៈបានបង្ហាញតួលេខ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយរកទីផ្សារជូនកសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈការប្រៀបធៀប ការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៤ និងប្រទេសដែលបាននាំចូលកសិផលរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨.៦លានតោន ទៅកាន់ប្រទេសចំនួន ៧៤ ក្នុងនោះមានស្រូវចំនួន ៣.៥លានតោន។ ចំណែកឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលចំនួន​ ១១លានតោណ ទៅកាន់ប្រទេសចំនួន ៩៤ប្រទេស ក្នុងនោះមានស្រូវ៥លានតោន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ កម្ពុជាបានពង្រីកទីផ្សារនាំចេញបានចំនួន ២០ប្រទេស។

ការថ្លែងរបស់សម្តេចបវរធិបតីធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល​អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «យើងគិតទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នៅក្នុងស្រុករបស់យើងគ្រាន់តែស្រូវរបស់យើង នៅឆ្នាំ២០២៣ ការប្រមូលផលស្រូវរបស់យើងមាន ១៣លានតោន ហើយប្រជាពលរដ្ឋរបស់យើង ១៧លាននាក់ ហូបអស់តែ៥លានតោនទេ សល់៧លានតោនទៅណា? អីចឹងបានយើងខិតខំរកទីផ្សារក្រៅស្រុកបន្ថែមទៀត ជូនប្រជាកសិកររបស់យើង។ ខ្ញុំគ្រាន់តែប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់យើងនៅឆ្នាំ២០២២ យើងនាំចេញ ៨.៦លានតោន ទៅកាន់៧៤ប្រទេស ក្នុងនោះស្រូវយើងនាំចេញ ៣.៥លានតោន ទៅប្រទេសជិតខាងរបស់យើង បូកជាមួយអង្ករយើងនាំចេញ ៦៤ម៉ឺនតោន ចេញទៅ៦២ប្រទេស។ នៅឆ្នាំ២០២៤ ការនាំចេញកសិផលសរុបកើនពី៨.៦លានតោន (២០២២) ទៅ១១លានតោន នៅឆ្នាំ២០២៤ ហើយនាំចេញទៅកាន់ ៩៤ប្រទេសកើន ២០ប្រទេសក្នុង១ឆ្នាំ។ ចំពោះស្រូវយើងកើនការនាំចេញរហូតដល់ ៥លានតោន ហើយបីប្រទេស ថែមទាំងប្រទេសព័រទុយហ្គាល់មួយទៀត។ ចំណែកអង្ករឆ្នាំ២០២៤ យើងនាំចេញ៦៥ម៉ឺនតោន ទៅកាន់៧៥ប្រទេស នេះហើយ គឺជាការខិតខំរកទីផ្សារបន្ថែមជូកសិកររបស់យើង»

ជុំវិញកង្វល់របស់កសិកររឿងស្រូវធ្លាក់ថ្លៃ សម្តេចបវរធិបតី ចាត់ទុកជាការត្រឹមត្រូវ ដែលរាជរដ្ឋាភិបាលបាន និងកំពុងដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែសម្តេចគាំទ្រចំពោះអ្នកនយោបាយ ដែលនៅឆ្ងាយពីកសិករកម្ពុជារាប់ពាន់គីឡូម៉ែត្រ [នៅក្រៅប្រទេស] ដែលសំងំអង្គុយចាក់ប្រេងដុតរាល់ថ្ងៃ ដែលពួកគេមិនត្រឹមតែ មិនបានរកទីផ្សារកសិផលជូនកសិករប៉ុណ្ណោះទេ ថែមទាំងសុំឱ្យបរទេសកាត់ការនាំចេញពីកម្ពុជាថែមទៀត។

សូមជម្រាបថា បើតាមបាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០២៤ ផលិតកម្មដំណាំសរុប ១១.៦៦ តោន ឬ ៣០ ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស ដោយរកចំណូលបាន ៤ ៧៩២ លានដុល្លារ កើនឡើង១៤៣លានដុល្លារ បើធៀបឆ្នាំ២០២៣។

មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ៕