(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការបញ្ជូនឃាតកសម្លាប់ លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ កាលពីពេលថ្មីៗនេះ គឺជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា។
បុរសជនជាតិថៃ ឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលធ្វើឃាត លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី បន្ទាប់ពីជននេះបានរត់ចូលកម្ពុជា ក្រោយឃាតកម្ម។ ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីមូលហេតុដែលសមត្ថកិច្ចកម្ពុជា បញ្ជូនជនសង្ស័យឱ្យទៅប្រទេសថៃ។
«ខ្ញុំសួរថា តើរដ្ឋាភិបាលល្ងង់ដល់ថ្នាក់ហ្នឹង ល្ងង់រឿងអី បើរដ្ឋាភិបាលអ្នកចាត់ចែង អ្នកនៅពីក្រោយឃាតកម្ម ចាំបាច់ចាប់ឃាតកបញ្ជូនទៅឱ្យថៃស៊ើបធ្វើអ្វី?»។
សម្តេចបានរិះគន់ថា លោក សម រង្ស៉ី ដែលមួយថ្ងៃមួយថ្ងៃបំផុសបំផុលតែរឿងឱ្យផ្តួលរំលំរាជរដ្ឋាភិបាល និងបានលើកឡើងថាឍ ចំពោះករណី លោក លិម គិមយ៉ា គឺលោក សម រង្ស៉ី បានដើរតួជាតុលាការកំពូល កាត់ទោសរួចបាត់ទៅហើយថា រដ្ឋាភិបាលជាអ្នកធ្វើឃាត។
សម្តេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល មិនគាំទ្រឱ្យមានការបាញ់ប្រហារដូចករណី លោក លិម គិមយ៉ានោះទេ។ សម្តេចបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព។ សម្តេចបានស្នើដល់អ្នកនយោបាយទាំងអស់កុំយកឃាតកម្មនេះ ធ្វើជាអាជីវកម្ម ដើម្បីកេងចំណេញនយោបាយលើសព ដូចធ្លាប់ធ្វើកន្លងទៅ។
សម្តេចបានលើកឡើងថា បញ្ហានេះជារឿងអយុត្តិធម៌សម្រាប់ រាជរដ្ឋាភិបាលកម្ពុជា ដែលរឿងទើបនឹងចាប់ផ្តើម មិនទាន់ស៊ើបអង្កេតផង ក៏ត្រូវបានគេចោទប្រកាន់ទម្លាក់កំហុសរួចទៅហើយ ព្រមទាំងបិទផ្លូវតវ៉ាថែមទៀត។
សម្តេចបានបញ្ជាក់បន្ថែមថា «តើចាំបាច់ល្ងង់ទេ ប្រសិនបើខ្លួនជាអ្នករៀបចំផែនការ ចាំបាច់មានការឃាត់ខ្លួនជនដៃដល់ហើយបញ្ជូនទៅឱ្យថៃ យើងអាចលាក់ទុក ឬមួយក៏មិនបាច់បញ្ជូនទៅទេ ស៊ើបខ្លួនឯងទៅ តែដើម្បីភាពស្អាតស្អំ ដើម្បីតម្លាភាព យើងក៏បញ្ជូនទៅឱ្យថៃ ឱ្យគេស្រាវជ្រាវទៅ ហើយឱ្យយើងដឹងផងថា លទ្ធផលយ៉ាងម៉េច ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដឹងដែររឿងអី ព្រោះដើម្បីរក្សាភាពស្អាតស្អំរបស់យើង យើងមិនបានពាក់ព័ន្ធ តែគេចោទយើង បើយើងធ្វើខ្លួនឯងទោះជាសុក្រឹតយ៉ាងណាក៏គេចោទយើងដែរ អីចឹងឱ្យថៃធ្វើទៅ ឥឡូវធ្វើមិនដូចចិត្តគេៗជេរដោយទាំងថៃទៀត»។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ ជនរងគ្រោះ បានធ្វើដំណើរដោយរថយន្តទៅកាន់ទីក្រុងបាងកកប្រទេសថៃ។ ជនសង្ស័យជាឃាតកមានឈ្មោះ Ekkalak Pheanoi ជាជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក៕