(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីដើម្បីជួយដល់កសិករនោះ គឺមិនបានផ្ដល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងដើម្បីកសិករនោះឡើយ ហើយគ្រាន់តែជាការមើលឃើញមួយជ្រុងរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមប្រឆាំងក្រៅប្រទេស ដែលមិននៅក្បែរកសិករ គ្រាន់តែជាចេតនាដើម្បីលុបបំបាត់សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលបានធ្វើ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកអង្គុយកៅអីរាប់ពាន់គីឡូនៅក្រៅប្រទេស គិតថារដ្ឋាភិបាលមិនអើរពើរសម្រាប់កសិករ គឺមិនផ្ដល់យុត្តិធម៌នោះទេ ហើយគ្រាន់តែជាការមើលមួយជ្រុងតូច ដែលមិនទាន់ល្អយកមកពង្រីកដើម្បីបំបាត់នូវអ្វីដែលរាជរដ្ឋាភិបាលខំធ្វើដើម្បីកសិកររាប់សិបឆ្នាំ និងគ្រប់នៅក្នុងវិស័យកសិកម្មនេះ។ យើងនឹងបន្ដធ្វើទំនប់ទឹក អាងស្ដុកទឹក ប្រព័ន្ធប្រឡាយមេបន្ដទៀតជូនប្រជាកសិកររបស់យើង»

បើតាមប្រសាសន៍របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល នឹងបន្តជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាកសិកម្ម ហើយបានអំពាវនាវដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ បន្តរួមគ្នាដោះស្រាយបញ្ហារបស់កសិករ។ សម្ដេចបន្ដថា វិស័យកសិកម្មនេះ រាជរដ្ឋាភិបាលមិនមែនគិតត្រឹមរឿងតម្លៃប៉ុណ្ណោះទេ ដើម្បីលើកកម្ពស់​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល បានរៀបចំផ្តល់ដី, រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនទៀត។

ក្រោយការបកស្រាយចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលរស់នៅឆ្ងាយពីកសិកររាប់ពាន់គីឡូម៉ែត្រនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរត្រឡប់ទៅវិញថា ប្រសិនបើពួកគេឈឺឆ្អាលរឿងកសិករកម្ពុជា ចុះហេតុអ្វីមិនជួយនិយាយឲ្យបរទេសបើកទីផ្សារសម្រាប់កសិផល និងផលិតផលរបស់កម្ពុជា? ផ្ទុយទៅវិញ ពួកក្រុមប្រឆាំងមានតែញុះញង់អុចអាល និងប្រាប់បរទេសកុំឲ្យទិញទំនិញពីកម្ពុជាប៉ុណ្ណោះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចំអកទៅក្រុមប្រឆាំងជ្រុលនិយម ពិសេសក្រុមរបស់ទណ្ឌិត សម រង្ស៉ី ដែលមិនខ្វាយខ្វល់ ឬស្វះស្វែងរកទីផ្សាររបស់កសិករកម្ពុជានោះឡើយ ព្រោះពួកគេរវល់តែទាមទារឲ្យអាមេរិក និងអឺរ៉ុប បញ្ចប់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាទៅវិញ៕