(ភ្នំពេញ)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានបើកសិក្ខាសាលារៀបចំផែនការ គម្រោង «គំនិតផ្តួចផ្តើមបៃតងសម្រាប់សេដ្ឋកិច្ចចក្រាកម្ពុជា (GGI4CE) ដើម្បីគ្រប់គ្រងសំណល់រឹងប្រកបដោយចីរភាព» នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងសិក្ខាសាលានេះ ដោយមានការចូលរួមពី លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា លោក កែវ វ៉ាន់ធឿន អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង ក្រសួងបរិស្ថាន លោកស្រី នៅ រស្មី ទីប្រឹក្សាគម្រោង ព្រមទាំងក្រសួងស្ថាប័ន តំណាងរដ្ឋបាលរាជ ធានី/ខេត្ត រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សាអប់រំ ជាច្រើនរូប។
នាឱកាសនោះដែរ លោក សាបូ អូហ្សាណូ បានថ្លែងថា គម្រោងនេះ ទទួលបានថវិកាពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ដែលអនុវត្តដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា សហការជាមួយក្រសួងបរិស្ថាន។ សិក្ខាសាលានាថ្ងៃនេះ គឺជាការប្រារព្ធជាផ្លូវការនៃការចាប់ផ្តើមអនុវត្តគម្រោង GGI4CE តាមរយៈការពិភាក្សា និងការប្រមូលធាតុចូលសំខាន់ៗ និងចំគោលដៅ ពីគ្រប់ភាគីអ្នកពាក់ព័ន្ធ រាប់តាំងពីតំណាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ តំណាងអង្គការដៃគូ គ្រឹះស្ថានសិក្សាអប់រំ វិស័យឯកជន ជាពិសេសតំណាងរដ្ឋ បាលរាជធានីខេត្ត ក្រុង និងមន្ទីរបរិស្ថានខេត្តដែលជាអ្នកអនុវត្តផ្ទាល់នៅថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមសំណល់រឹងនៅកម្ពុជា ប្រកបដោយចីរភាព។
លោក សាបូ អូហ្សាណូ បានបន្ដថា បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់ សំរាមចុងក្រោយ មានការកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០២៤ មានប្រមាណ២,៨លានតោននៅទូទាំងប្រទេស កើនឡើងប្រមាណ ៦,៣% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះរាជធានីភ្នំពេញបញ្ចេញប្រមាណជិត ១,៣ លានតោននៅឆ្នាំ២០២៤។ សំណល់ដែលអាចកែច្នៃ និងប្រមូលទិញទូទាំង ប្រទេស តាមរយៈដេប៉ូប្រមូលទិញ និងទីតាំងកែច្នៃសំណល់ មានសរុប ២៣៤៧៤៨,៣៦តោន ឬប្រមាណ ៨,២%។
បន្ថែមពីនេះ លោក សាបូ អូហ្សាណូ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០មាន៖
* ធ្វើកំណែទម្រង់ប្រព័ន្ធនៃការគ្រប់គ្រងសំណល់រឹងតាមរយៈការប្រគល់ មុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានីខេត្ត ក្រុង និងស្រុក និងប្រតិភូកម្មមុខងារ ពីរដ្ឋបាលរាជធានី ទៅឱ្យរដ្ឋបាលខ ណ្ឌ។
* រៀបចំបទដ្ឋាននិងការគ្រប់គ្រងថង់ប្លាស្ទិក សំដៅកាត់បន្ថយការនាំចូល ការផលិត ចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា។
* រៀបចំបទដ្ឋានក្នុងការគ្រប់គ្រងសំណល់គ្រោះថ្នាក់ សំណល់បរិក្ខារអគ្គិ សនីនិងអេឡិចត្រូនិក មិនឱ្យនៅលាយឡំជាមួយសំរាមសំណល់រឹងទី ប្រជុំជន។
បង្កើតសហគ្រាសគ្រប់គ្រងស្ថានីយ៍ផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ហៅកាត់ ស.ទ.ស. ដើម្បីទទួលភារកិច្ចលើការងារជាក់លាក់សម្រាប់គ្រប់គ្រងស្ថានីយ៍ផ្ទេរ និងទីលានទុកដាក់សំរាមសំណល់ រឹងនៅកម្ពុជា។
ទន្ទឹមនឹងនេះដែរ គម្រោង GGI4CE ដែលទើបបង្កើតថ្មីនេះ មានគោលបំណងដាក់ចេញនូវគោលការណ៍សេដ្ឋកិច្ចចក្រាប្រកបដោយចីរភាព ទៅក្នុងប្រព័ន្ធគ្រប់គ្រង សំរាមសំណល់រឹងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការតម្រង់ទិសតាមនិន្នាការសាកល សម្រាប់ប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹង ដោយផ្លាស់ប្តូរគំរូសេដ្ឋកិច្ចពី «លីនេអ៊ែរ» ទៅជា «គំរូចក្រា» ដោយឆ្ពោះទៅរកចក្ខុវិស័យនៃរបៀបរស់នៅដែល «គ្មានសំរាម» ការប្រមូលដោយបែងចែក និងបន្ថែមតម្លៃទៅលើការទាញយកវត្ថុធាតុដើម ដែលអាចកែច្នៃឡើងវិញបានពីកាក សំណល់។ គម្រោងនេះ ត្រូវបានអនុវត្តស្របតាមគោលនយោបាយជាតិ និងជា ពិសេសគឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ក្នុងមុំយុទ្ធសាស្ត្រ ចំនួនបីគឺ ភាពស្អាត បៃតង និងចីរភាព សំដៅឆ្ពោះទៅសម្រេចបានគោលដៅកម្ពុជាស្អាត គ្មានសំរាមនៅឆ្នាំ២០២៥។
សូមជម្រាបដែរថា សកម្មភាពគម្រោង GGI4CE ក៏អនុលោមតាមអាទិភាពចម្បងៗរបស់ក្រសួងបរិស្ថានរួមមាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន», យុទ្ធនាការសំអាតផ្លូវជាតិលេខ ៣,៤,៤១,៥១ ហើយនិងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីលើកម្ពស់សោភណ្ឌភាពទីក្រុង ទីប្រជុំជន តាមបណ្តោយផ្លូវទូទាំងប្រទេស ដែលទើបប្រកាសចាប់ផ្តើមអនុវត្ត នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ៕