(ពោធិ៍សាត់)៖ ថ្លែងចេញពីទឹកដីនៃខេត្ដពោធិ៍សាត់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។

ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានយុទ្ធការធានាឥណទាន សម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី៣០លានដុល្លារ ដំឡើងរហូតដល់១៥០លានដុល្លារ ដែលបានឯកភាពកាលពីសប្ដាហ៍មុន [...] ដើម្បីធានាដល់រោងមាស៊ីនកិនស្រូវ អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជន មកធ្វើជាទុនបង្វិល»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាអត់មានលុយ១៥០លានដុល្លារ សម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ គឺម៉ាស៊ីនកិនស្រូវ ទៅខ្វីលុយធនាគារអត់បានទេ ដែលមានន័យថា រាជរដ្ឋាភិបាល ចេញមុខទៅជួយផ្ដល់ឥណទាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្រេចដំឡើងកញ្ចប់ថវិកា រហូតដល់១៥០លានដុល្លារនេះ គឺជាវិធានជាក់ស្ដែង ដែលរាជរដ្ឋាភិបាលបានធ្វើ ហើយនឹងកំពុងធ្វើ ហើយនឹងធ្វើបន្ដទៀត ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនទាំងអស់ ផ្តល់ឥណទានដល់វិស័យកម្ម ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីន ប្រមូលទិញស្រូវពីកសិករ។

គូសបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានទម្លាក់ថវិកា៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង២០០លានដុល្លារ។

ទុនពិសេសដែលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤។

បើតាមលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB, បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។

ហេតុដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករ ទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា៕