(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលសម្ដេចបានឱ្យរហ័សនាមថ្មីថា «ទណ្ឌិតជើង១០ ភ្នែក៥» ឱ្យដេកចាំទៅ បើចង់ប្តូររាជរដ្ឋាភិបាលមិនតាមប្រជាធិបតេយ្យ។ សម្ដេចមហាបវធិបតី បានថ្លែងបែបនេះនៅក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល «អតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង» នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្តី បានផ្ដាំទៅកាន់ទណ្ឌិតជើង១០ ភ្នែក៥ នោះថា ឱ្យសួរអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សួរព្រមទេ? ឱ្យលោកមកដុតប្រទេស យកមកមនុស្សទៅទម្លាក់រដ្ឋាភិបាល ទៅទម្លាក់គណបក្សប្រជាជនកម្ពុជា ដែលប្រជាជនជាង៨០ភាគរយបោះឆ្នោតឱ្យនោះ? គេមិនព្រមទេ។ ប្រជាធិបតេយ្យពិតប្រាកដគឺ គេយកសំឡេងប្រជាជន ហើយប្រជាជន៥ឆ្នាំធ្វើប្រជាមតិម្ដងតាមរយៈការបោះឆ្នោត។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្ដេចមហាបវធិកបតី ហ៊ុន ម៉ាណែត។
ជុំវិញករណីញុះញង់ម្ដងហើយម្ដងទៀត ទៅកាន់ប្រជាពលរដ្ឋ ឱ្យដើរខុសគន្លងប្រជាធិបតេយ្យ របស់ទណ្ឌិត សម រង្ស៊ី ឬរហ័សនាមថ្មី ដែលសម្ដេចមហាបវធិបតីហៅថា ទណ្ឌិតជើង១០ ភ្នែក៥ នោះយ៉ាងដូច្នេះថា៖
«ប៉ុន្តែអ្វីដែលខ្ញុំសំដៅ អ្នកដែលរិះគន់វាយប្រហារមុខសញ្ញាដដែលៗហ្នឹង ទណ្ឌិតជើង១០ ភ្នែក៥ ឥលូវខ្ញុំលែងហៅលោកអ៊ុំ លោកអីទៀតហើយ ព្រោះជេៗដល់កហើយឥលូវវាយជេទាំងត្រកូលតែម្ដង សាហាវតែម្ដងលេងៗសងសឹកតែម្ដងតានេះ។ ឥលូវខ្ញុំហៅទណ្ឌិតជើង១០ ភ្នែក៥ តែម្ដងទៅព្រោះជេៗសាហាវ។ ដើរមួយថ្ងៃៗមានតែបបួលប្រជាពលរដ្ឋបះបោរប្រដាប់អាវុធ ថ្ងៃមុនចេញទៀតហើយ រដ្ឋាភិបាលអត់យកចិត្តទុកដាក់លើប្រជាពលរដ្ឋទេ ងើបបះបោរតោះបញ្ចប់រដ្ឋាភិបាលត្រកូល ហ៊ុន អីចឹងទៅ ថ្ងៃមុន CLV-DTA ស្រែកមួយទៀតទៅ»។
«ចុងក្រោយបោះឆ្នោតមិនជាប់ គាត់ថាឥលូវឈប់បោះឆ្នោតមិនបាច់បោះឆ្នោតអីទេ មានតែវិធីសាស្រ្តតែមួយបាន ប្រជាធិបតេយ្យពិតប្រាកដគឺលើកគ្នាបះបោរផ្ដួលទៅ ដើម្បីយករូបមន្តដូចបង់ក្លាដេស ដើម្បីឱ្យយកអ្នកមួយ តួរអង់ពីខាងក្រៅ ដឹកកាប៉ាល់ហោះចូលមកដឹកនាំ ហើយគាត់កំពុងចង់បានហ្នឹងដេកចាំទៅ»។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ដែលគេអាចដឹងថា សំដៅទៅលើទណ្ឌិត សម រង្ស៊ី ឬរហ័សនាមថ្មីថា ទណ្ឌិតជើង១០ ភ្នែក៥នោះ។
ជាការពិតណាស់គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៨០% ទូទាំងប្រទេសសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០២៣កន្លងទៅ តើប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះព្រមទេ? នេះជាការចោតសួរទៅកាន់បុគ្គលទណ្ឌិតជើង១០ ភ្នែក៥ ដែលតែងតែញុះញង់ប្រជាពលរដ្ឋឱ្យមានការបោះបោរ។ នេះជាការសង្កត់ន័យបន្ថែមពីសម្ដេចនាយករដ្ឋមន្រ្តី។
សម្ដេចបានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្នអាចមានការរីកចម្រើនជាងហ្នឹង បើសិនជាមិនមានរដ្ឋប្រហារឆ្នាំ១៩៧០នោះទេ ដោយសារតែរដ្ឋប្រហារនេះហើយ បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយបានធ្វើឱ្យប្រទេសកម្ពុជាដើរថយក្រោយ ហើយត្រូវចាប់ផ្ដើមកសាងប្រទេសមកវិញពីបាតដៃទទេ៕