(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមលោក សម រង្ស៊ី មិនស្វះស្វែងរកទីផ្សារសម្រាប់កសិករនោះឡើយ ព្រោះរវល់ទាមទារឱ្យអាមេរិក និងអឺរ៉ុប បញ្ចប់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល​អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្ដាំផ្ញើទៅអ្នកវិភាគស៊ីអារម្មណ៍ប៉ុន្មាននាក់នៅខាងក្រៅប្រទេស ដែលចេះតែយករឿងនានាផ្សាភ្ជាប់ទៅនឹងរឿងនយោបាយ ហើយជាពិសេសលោក សម រង្សី ដែលជាទណ្ឌិតចាស់វស្សា ដែលចេះតែបបួលគេឱ្យបះបោរផ្ដួលរំលំរដ្ឋាភិបាល បើមិនជួយរកទីផ្សារឱ្យប្រជាកសិករខ្មែរទេ សូមបញ្ឈប់នូវរាល់សកម្មភាពរបស់ខ្លួន ដែលនាំឱ្យខាតប្រយោជន៍ដល់កសិផលកម្ពុជា។

សម្ដេច បានថ្លែងយ៉ាងដូច្នេះថា «អស់លោកនិយាយថាគិតពីប្រយោជន៍ប្រជាពលរដ្ឋ ខំស្លៀកពាក់ស្អាតបាតទៅសម្ភាសអឺរ៉ុប ថតបង្ហោះអួតគេ..និយាយពីសិទ្ធិសេរីភាពរបស់ប្រជាជន និយាយអំពីប្រជាជនជាធំ ហេតុអីក៏ពេលនេះមិនទៅនិយាយសុំគេឱ្យបើកទីផ្សារបន្ថែមឱ្យកសិផលប្រជាជនតែម្ដងទៅ? តែលោកមិនហ៊ានធ្វើទេព្រោះកំពុងតែចចារឱ្យអាមេរិក ឱ្យអឺរ៉ុប គិតគូររឿងដាក់សម្ពាធបន្ថែម ដក GSP ដក EBA បន្ថែម អ៊ីចឹងបើឱ្យទៅសុំពង្រីកទីផ្សារ វាខុសពីអ្វីដែលគាត់បានទាមទាររាល់ថ្ងៃនេះ ឱ្យគេកាត់ទីផ្សាររបស់កម្ពុជា»

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយគ្រប់បញ្ហាដែលកើតឡើងទាំងអស់នោះទេ គឺយើងមិនមានទេ ប្រជាកសិករនៅមានបញ្ហាប្រឈមមិនមែនជាបញ្ហាថ្មីទេ កសិផលឡើងចុះមានរាប់ទស្សវត្សរ៍ហើយមិនមែនតែកម្ពុជា នៅបណ្ដាប្រទេសផ្សេងៗ នៅវៀតណាមឥឡូវក៏មានបញ្ហាធ្លាក់ថ្លៃនាំចេញដែរ នៅអាមេរិក នៅកូរ៉េថ្ងៃមុនគេថតមកកសិផលខាត់ណានេះក៏តម្លៃវាឡើងចុះ ដោយតម្លៃពិភពលោកពិបាកនឹងមាននរណាគ្រប់គ្រងបានណាស់។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តម្លៃអង្ករសឆ្នាំទៅឡើងថ្លៃ ដោយសារឥណ្ឌាកាលពីខែកក្កដា ឆ្នាំ២០២៣ ផ្អាកការនាំចេញ ដែលធ្វើឱ្យមានការខ្វះខាតអង្ករនៅទូទាំងពិភពលោក អ៊ីចឹងបានតម្លៃអង្ករសឡើងថ្លៃ។ សម្តេចបន្តថា ប៉ុន្តែឆ្នាំនេះចាប់ពីខែកញ្ញាមក ឥណ្ឌាបញ្ចេញអង្កររបស់គេ ដូច្នេះទើបនៅវៀតណាមចាប់ផ្ដើមទម្លាក់តម្លៃអង្ករ ដើម្បីប្រកួតប្រជែង ទើបមានបញ្ហាតម្លៃស្រូវអង្ករសនេះ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការធានាតម្លៃទីផ្សារកសិផលជូនប្រជាកសិករ បញ្ហាទាំងអស់នេះយើងត្រូវគិតជាកញ្ចប់ ត្រូវគិតទាំងអស់ រឿងទីមួយដែលសំខាន់ នោះគឺការបើកទីផ្សារ ដើម្បីធានាដល់ការដាំដុះ លទ្ធភាពនៃការដាំដុះ បច្ចេកទេសដាំដុះជូនប្រជាកសិករ។ សម្តេចបានបន្តថា ល្អហើយដែលមានទិន្នន័យរីកធំ (ធ្វើស្រូវបានកើន ប្រសើរជាងធ្វើមិនបាន..) មិនសម្រាប់តែទិន្នផលស្រូវនោះទេ តែសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា ដែលត្រូវតែស្វែងរក និងពង្រីកទីផ្សារបន្ថែម។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្តេចបានឃើញពួកគាត់វាយប្រហារច្រើនពេកហើយ ព្រោះរដ្ឋាភិបាលមិនមានពេលនិយាយច្រើន ដ្បិតជាប់រវល់ចុះធ្វើការ ដូចពេលលោក ឌិត ទីណា (រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ចុះធ្វើការបែរជាមិនមែនជារដ្ឋមន្ត្រីជើងដប់ ភ្នែក៥ ខិតខំចុះទៅផ្ទាល់ តែគេថាចុះទៅសម្ដែងល្ខោន ត្រង់ពួកគេនៅក្រៅប្រទេស មួយថ្ងៃៗអង្គុយ១ម៉ោងជេររដ្ឋាភិបាល ហើយរួចដើរទៅផឹកកាហ្វេយ៉ាងស្រួលទៅ...ហើយដើរអំពាវនាវឱ្យគេផ្ដាច់ទីផ្សារកម្ពុជាទៅ។ សម្តេច បានបន្តថា ប៉ុន្តែជាការពិតបងប្អូនប្រជាពលរដ្ឋបានឃើញហើយថា យើងបានធ្វើសកម្មភាពច្រើនក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋយើង តាមរយៈការផ្សព្វផ្សាយនានា ទាំងនៅលើបណ្ដាញសង្គម ទាំងការចុះមូលដ្ឋានផ្ទាល់...៕