(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជនទាំងអស់ផ្តល់ឥណទានដល់វិស័យកម្មក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីនប្រមូលទិញស្រូវពីកសិករ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា «ដូច្នេះនៅក្នុងដំណាក់កាលនេះ ខ្ញុំបានផ្តល់យោបល់ជូនលោកជំទាវធនាគារជាតិ ដើម្បីពិភាក្សាជាមួយធនាគារឯកជន ដើម្បីពិនិត្យនៅក្នុងការជួយផ្តល់ឥណទានទៅដល់វិស័យកសិកម្មដើម្បីជួយដល់កសិកររបស់យើង»

ស្របតាមការតាមអំពាវនាវនេះ សម្តេចសង្ឃឹមថាធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលទាំងអស់គ្នា ក្នុងជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាក។

គួរជម្រាបផងដែរថា ដើម្បីជួយដល់វិស័យស្រូវអង្ករ និងរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ រាជរដ្ឋាភិបាល បានសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារ ចាប់ពីខែមករា ដល់មីនា ដើម្បីផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករ៕