(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈដោយបន្ដដម្កល់ «វិស័យកសិកម្ម» នៅតែជាវិស័យអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលនៅស្ញៀមចំពោះបញ្ហាដែលកសិករប្រឈម ឬជួបប្រទះនោះឡើយ។
ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងទម្លាក់នូវការណែនាំជាបន្ដបន្ទាប់ដល់ក្រសួង និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីរិះរកមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពិតណាស់ខ្ញុំមិនបានឡើងនិយាយមេក្រូ ឬមួយថ្ងៃៗឆ្លើយតបការលើកឡើង ឬការវាយប្រហារពីខាងក្រៅនោះទេ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញមិនបាននៅស្ងៀម មិនអើរពើរនោះទេ, វិស័យកសិកម្ម ជាវិស័យអាទិភាពសំខាន់ណាស់របស់ប្រទេសជាតិរបស់យើង និងសម្រាប់ពិភពលោក»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ដរាបណាមនុស្សនៅលើពិភពលោក នៅតែមានតម្រូវការក្នុងទទួលទាន នោះបញ្ហាកសិកម្ម បញ្ហាសន្ដិសុខស្បៀង នៅតែជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបន្ដថា បញ្ហានេះមិនមែនជាក្ដីកង្វល់តែកម្ពុជានោះទេ ពោលបញ្ហាសន្ដិសុខស្បៀង ប្រទេសនៅលើពិភពលោកជាច្រើនសុទ្ធតែបានគិតគូររឿងនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្ដិសុខស្បៀង» រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវលើពីរមុខព្រួញសំខាន់ៗ ក្នុងនោះ ទី១៖ អ្នកផលិត ឬអ្នកដាំដុះ និងទី២៖ អ្នកប្រើប្រាស់ ឬអ្នកទទួលទាន។ សម្ដេចអះអាងថា ដៃម្ខាងរបស់រាជរដ្ឋាភិបាល ត្រូវធានាគិតគូរអំពីទីផ្សារ អំពីតម្លៃរបស់កសិករលក់ចេញ ខណៈដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល ត្រូវធានាកុំឲ្យតម្លៃទំនិញ ឬផលិតផលនោះ ឡើងថ្លៃខ្លាំងពេក។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ឯកភាពនឹងទទួលយកនូវក្ដីកង្វល់ទាំងឡាយរបស់កសិករ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួយបញ្ហាហើយរាជរដ្ឋាភិបាល មិនព្រងើយកន្ដើយនោះឡើយ ហើយរាជរដ្ឋាភិបាល គាំទ្រជានិច្ចការលើកពីបញ្ហារបស់កសិករ និងចុះដោះស្រាយរាល់បញ្ហាប្រជាកសិករ។ នេះបើតាមការលើកឡើងរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី។
ជាវិធានការចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋមួយរយៈពេលចុងក្រោយនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញសរុបថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ និងអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ផ្តល់កម្ចីការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករផងដែរ៕