(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកមានធនធានដទៃទៀត ដែលជួយទិញស្រូវពីប្រជាកសិករខ្មែរ ក្នុងអំឡុងពេលដែលកសិករកំពុងជួបបញ្ហាលើតម្លៃស្រូប។
នៅក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការជួយរបស់សប្បុរសជនទាំងឡាយ តិចក្ដី ច្រើនក្ដីទៅកាន់កសិករនៅពេលនេះ គឺជាទឹកចិត្តដ៏មានតម្លៃចំពោះកសិករ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណកន្លងទៅឃើញមានសប្បុរសជនមួយចំនួនដូចជា ខាងណាវ៉ាត្រា ហើយខាងបងប្អូនប៉ុន្មាននាក់ដែលគេទិញអង្ករ ទិញអីជួយកសិកររបស់យើង តិចច្រើនគឺជួយនេះជាទឹកចិត្ត សំខាន់ណាស់ ហើយខ្ញុំសូមអរគុណណាស់ក្នុងការជួយបែបនេះ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទឹកចិត្តរបស់សប្បុរសជនទាំងឡាយ ពិតជាប្រសើរជាងអ្នកដែលអួតថា ស្នេហាជាតិនៅក្រៅប្រទេសដែលព្យាយាមឲ្យបរទេសកាត់ជំនួយ និងទីផ្សាររដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានប្រកាសថា នឹងជួយទិញស្រូវកសិករ 1,000តោន ផលិតជាអង្ករបើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6Aទាំងអស់ដែលខ្វះខាត សម្រាប់ហូបរយៈពេលពេញមួយឆ្នាំ ដោយឥតគិតថ្លៃ។
ក្រៅពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានសប្បុរសជនជាច្រើនផ្សេងទៀតផងដែរ ក្នុងនោះមានទាំងអ្នកសិល្បៈ អ្នកលក់ផលិតផលតាមអនឡាញ ក៏បានប្រកាសទិញស្រូវពីប្រជាពលរដ្ឋដែលជួបបញ្ហាជាបន្ដបន្ទាប់ផងដែរ។ ថ្វីត្បិតតែនេះ ជាដំណោះស្រាយរយៈពេលខ្លី ក៏ប៉ុន្ដែពិតជាមានតម្លៃបំផុតចំពោះអ្នកដែលជួបបញ្ហា និងម្យ៉ាងក៏ស្ដែងឲ្យឃើញពីការជួយគ្នាក្នុងគ្រាលំបាកផងដែរ៕