អភិបាលរាជធានីភ្នំពេញ ចាត់តំណាងនាំថវិកាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនលោកតាធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង
20-01-2025 12:05
(ភ្នំពេញ)៖ ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិសុីក្លូ) បានចាត់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល ជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកស្រី ដោ សម្ផស្ស នាថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះ តាមរយៈលោកស្រី ក៏បាននាំនូវការផ្តាំផ្ញើពីលោកអភិបាល រាជធានីភ្នំពេញ ដល់ក្រុមគ្រូពេទ្យជំនាញ ជួយពិនិត្យព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និងជូនពរលោកតា ឆាប់បានជាសះស្បើយ។ ដោយសារលោកតា ជាសមាជិករបស់មូលនិធិ លោកតា មានបណ្ណសមធម៌សុខភាព ដូចនេះគាត់ទទួលបានការមេីលថែ ដោយមិនបាច់បង់ថ្លៃ៕