(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថាសំណើវិសោធនកម្មបទបញ្ជាផ្ទៃរបស់ព្រឹទ្ធសភា គឺស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៩៖០០នាទី នៅអគារ សវិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានអនុម័តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំ ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានអនុម័តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ស្របនឹងរដ្ឋធម្មនុញ្ញ៕