(ភ្នំពែញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរក្រសួង ដែលជាអ្នកនាំពាក្យ មន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល។
សូមបញ្ជាក់ថា រយៈពេញមួយឆ្នាំ២០២៤ មន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកបដោយវិជ្ជាជីវ:ខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់លោក នេត្រ ភក្រ្តា ក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់យកនវានុវត្តន៍ឌីជីថនូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹងកំណើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media និងបញ្ញាសិប្បនិមិត្ត និងការខិតខំជម្នះរាល់បញ្ហាប្រឈមដើម្បីធ្វើឱ្យសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ២០២៤-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចុះ ដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា វិស័យព័ត៌មាន សោតទស្សន៍ និងការគ្រប់គ្រងសាធារណ:មតិ ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដំណើរការទៅបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព ខណៈមានកំណើនកើនច្រើនឡើងៗនៃចំនួនអ្នកសារព័ត៌មានប្រជាជន ដែលបាននឹងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍វៃឆ្លាតធ្វើជាមធ្យោបាយផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម មានដូចជា៖ Facebook Tik Tok Telegram និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។
នាពេលបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជារីកចម្រើនប្រកបដោយភាពចម្រុះ និងមានមាតិកាគ្រប់ប្រភេទ គ្រប់ទស្សន:បាននឹងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការណ៍ផ្សេងៗ ដែលបានកើតឡើងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដើរតួនាទីជាស្នូល ដោយប្រកាន់យកអភិក្រម «ថ្មី ពិត និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវ:ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានបន្តធ្វើការពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយធ្វើវិក្រឹតការក្នុងវគ្គជំនាញ និងរដ្ឋបាល សំដៅបំពេញលក្ខខណ្ឌជាមន្រ្តីរាជការប្រកបដោយគុណាធិបតេយ្យ ក្នុងការបំពេញមុខនាទីបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ ពិសេសការពង្រឹងប្រសិទ្ធភាពការងារ ដើម្បីឱ្យស័ក្តិសមជា «យុទ្ធជនសមរភូមិសតិអារម្មណ៍» របស់រាជរដ្ឋាភិបាលប្រកប ដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។
ក្នុងគោលបំណងតម្កល់នូវឧត្តមគតិជាតិដ៏ថ្លៃថ្លា ក្រសួងព័ត៌មានខិតខំបន្តបំពេញបេសកកម្ម ជាប្រវត្តិសាស្រ្តក្នុងការប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបម្រើជាតិ ប្រជាជន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងធ្វើឱ្យកម្ពុជាក្លាយជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាពយូរអង្វែង និងវិបុលភាពឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយ នៅក្នុងតំបន់ជាមួយស្នាមញញឹមរបស់ប្រជាពលរដ្ឋទាំងប្រុស ស្រី ចាស់ក្មេង គឺបានរស់នៅក្នុងសុខសន្តិភាព និងមានភាពជឿជាក់ និងក្តីសង្ឃឹមជានិច្ចចំពោះអនាគតដ៏រុងរឿងរបស់កម្ពុជា។
នៅក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន សម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំផ្ទាល់ព្រឹត្តិការណ៍ជាតិធំៗ ជាពិសេសការទទួលខុសត្រូវលើវិស័យព័ត៌មាន និងផ្សព្វផ្សាយដោយបានធ្វើការផ្សាយជូនដល់មជ្ឈដ្ឋានសាធារណជនជាតិ និងអន្តរជាតិ រួមមានជាអាទិ៍ ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ស្រុក ក្រុងអាណត្តិទី៤ ព្រះរាជពិធីបុណ្យ និងព្រះរាជពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ កិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) កិច្ចប្រជុំអន្តរជាតិគណបក្សនយោបាយអាស៊ី លើកទី ១២ (12th ICCAP) សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ (11th IPTP) កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងការផ្សព្វផ្សាយពន្យល់យ៉ាងទូលំទូលាយពីសកម្មភាពប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពជាក់ស្តែងបន្ទាត់ព្រំដែននៃខេត្តទាំង៤ ក្រចេះ មណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង ជាប់ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ និងកិច្ចការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិផ្សេងទៀត៕