(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតទីទ័លក្រ ចំនួន៤៣៦គ្រួសារ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក, ជីវភាពខ្វះខាតទីទ័លក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» ជាពិសេសមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។
ទេសរដ្ឋមន្ត្រី អ៉ី ឈាន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ និងបានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យប្រព័ន្ធធារាសាស្រ្តស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល, ចិញ្ចឹមសត្វ, ការធ្វើដំណើរ ការដឹកជញ្ជូនសព្វបែបយ៉ាងក៏ដូចជាការទាក់ទាញអ្នក វិនិយោគបរទេសមកដាក់ទុនរកស៉ីនៅក្នុងប្រទេសបង្កើតមុខរបរ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទីទ័លក្រ ចំនួន ៤៣៦គ្រួសារ នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ប្រហុក ១កែវ ត្រីខ១យួ ទឹកត្រី ១យួ និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕