(ភ្នំពេញ)៖ ឆ្លើយតបនឹងមតិយោបល់របស់ដៃគូ និងផ្អែកលើការឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារកន្លងមក មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នាពេលថ្មីៗកន្លងមកនេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើដំណើរការងារ, នីតិវិធី លក្ខខណ្ឌតម្រូវ និងកម្មវិធីពាក់ព័ន្ធ ក្នុងគោលដៅកំណត់ចន្លោះប្រហោង និងស្វែងរកដំណោះស្រាយដែលអាចធ្វើឱ្យប្រតិបត្តិការ និងគុណភាពសេវារបស់ SDF កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

កិច្ចពិភាក្សារយៈពេលមួយថ្ងៃពេញនេះ ដឹកនាំដោយលោកនាយកប្រតិបត្តិ និងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ផ្នែក, មន្ត្រីជំនាញ និងជំនាញការរបស់ដៃគូអភិវឌ្ឍន៍ ព្រមទាំងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន៖ ១). បានកាត់បន្ថយ ឬបង្រួមដំណើរការប្រតិបត្តិការ និងលក្ខខណ្ឌតម្រូវនៅពេលរៀបចំសំណើគម្រោងបណ្តុះបណ្តាល ២). កាត់បន្ថយការងារដោយប្រើក្រដាស ងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានលក្ខណៈស្វ័យប្រវត្តិវិញ ៣). ដាក់ចេញសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ SDF និងទៅតាមផ្នែកជំនាញនីមួយៗ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ។

ជាទិសដៅទៅមុខ SDF គ្រោងនឹង ១). បញ្ចប់ការកែសម្រួលនេះយ៉ាងយូរត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ២). ដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយនីតិវិធី, លក្ខខណ្ឌតម្រូវ និងកម្មវិធីដែលបានកែសម្រួលរួចក្នុងខែមីនា ៣). ធ្វើស្តង់ដានីយកម្ម និងឌីជីថលូបនីយកម្មឱ្យបានចប់សព្វគ្រប់ ក្នុងឆ្នាំ២០២៥។
តាមរយៈការកែលម្អនេះ SDF ជឿជាក់ថារោងចក្រ-សហគ្រាសគ្រប់កម្រិត (មីក្រូ, តូច, មធ្យម និងធំ) កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានការគាំទ្រពី SDF ដើម្បីអភិវឌ្ឍជំនាញបុគ្គលិករបស់ខ្លួន ឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការអាជីវកម្ម និងរក្សាបានភាពប្រកួតប្រជែង ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ SDF បានអំពាវនាវដល់ស្ថាប័ន វិស័យឯកជន សូមចូលរួមជាមួយខ្លួន ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ «ជំនាញខ្ពស់ ចំណូលខ្ពស់!»