(ភ្នំពេញ)៖ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរកទីទួលសុវត្ថិភាព ចំពោះជំនន់ទឹកភ្លៀង ដែលកំពុងវាយលុកតំបន់មួយចំនួន នៅខាងត្បូងជាយរាជធានីភ្នំពេញ ដែលទឹកអាចនឹងហូរហៀមកដល់ភូមិឋានបងប្អូននៅពេលណាមួយ ប្រសិនបើភ្លៀងនៅតែធ្លាក់ជាបន្តទៀតនោះ។
លោក ពេជ្រ កែវមុនី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ខណៈលោកបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាលារាជធានីភ្នំពេញ ចុះពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង បានជន់លិចលំនៅឋាន ចំនួន២៥៣គ្រួសារ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ។
លោកអភិបាលខណ្ឌបានថ្លែងឲ្យដឹងថា «អំណោយដែលចែកជូនបងប្អូននៅពេលនេះ គឺជាទឹកចិត្ត ក៏ដូចជាការឧបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក ដែលអង្គការខាងលើតែងតែខិតខំខ្នះខ្នែងផ្តល់ជាជំនួសជានិច្ច ទៅតាមលទ្ធភាព មិនថាតិច ឬច្រើន ជូនដល់ប្រជាជនដែលកំពុងជួបការលំបាក មិនថា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ឬ តាមបណ្តាខណ្ឌណានោះទេ ជាក់ស្តែងដូចនៅពេលនេះតែម្តង»។
លោកបានបញ្ជាក់ថា អាជ្ញាធរបានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេច ក្នុងការត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសបងប្អូនពលរដ្ឋទាំង ២៥៣គ្រួសារ អោយទៅរស់នៅបណ្តោះអាសន្ន ប្រសិនបើក្នុងករណីទឹកហូរលិចលង់លំនៅឋានពលរដ្ឋបន្ទាន់នោះ។ ប៉ុន្តែទន្ទឹមនឹងនោះដែរ អាជ្ញាធរ ក៏បានអំពាវនាវ សូមអោយពលរដ្ឋទាំងអស់ត្រូវបន្ថែមការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈអោយរួចជាស្រេចជាមុន ជៀសវាងទឹកឡើងខ្លាំងដោយយថាហេតុណាមួយ បង្កគ្រោះថ្នាក់ដល់បងប្អូន ពិសេសការសម្រាកនៅពេលយប់ ដែលជាពេលវេលា កំពុងលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់បំផុតនោះ។
លោកបានបន្ថែមទៀតថា «សម្រាប់ការចុះមកពិនិត្យព្យាបាលជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះនាពេលនេះ គឺដោយសារការគិតគូរព្រួយបារម្ភពីសុខមាលភាពរបស់បងប្អូន ពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ»។
ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ដល់លំនៅឋានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹក ភ្លៀងទាំង២៥៣គ្រួសារនេះ ក្នុងនោះ ចំនួន៧៨គ្រួសារលិចដល់រនាប និងចំនួន ២២គ្រួសារ គឺលុចផ្ទះទាំងស្រុង មិនអាចស្នាក់នៅបាន ហើយអាជ្ញាធរបានជម្លៀស ពួកគាត់អោយមករស់នៅខាងលើៗ ជាមួយបងប្អូន ដែលលិចតិចតួច។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ១០គីឡូក្រាម ជាអំណោយ របស់អង្គការទស្សនៈពិភពលោកកម្ពុជា មី១កេស ទឹកត្រី១យួរ ជាអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ៕