(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យប្រធានសមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA) ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់បណ្តាញរបស់ខ្លួននៅតំបន់អាស៉ីប៉ាស៉ីហ្វិក។

ក្នុងជំនួបជាមួយលោក Noor Ahmad Hamid ប្រធានសមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA) នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៉ី នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ បានស្នើសុំឱ្យ PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗដែលស្ថិតនៅក្នុងបណ្តាញរបស់ខ្លួន។

លោកបានស្នើសុំឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភពលោក តួយ៉ាងការទទួលបានការគាំទ្រពី PATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺទេសចរឌីជីថល ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕