(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM) ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត អគ្គលេខាធិការដ្ឋានរងអាស៊ាន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍនានាលើពិភពលោកសំខាន់ៗមួយចំនួន ដូចជា US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism, និង Agoda ជាដើម។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ពោលគឺនាឱកាស ATF 2025 នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដានវឌ្ឍនភាព និងសមិទ្ធផលការងារទេសចរណ៍ដែលសម្រេចបានកន្លងមក ពិសេសក្នុងឆ្នាំ២០២៤ ផ្អែកលើការអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ ការពិនិត្យវឌ្ឍនភាពការងារជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍនានា ក៏ដូចជាដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ានផងដែរ៕