(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះវីដេអូឯកសារកាលពី៣០ឆ្នាំមុន ក្នុងពេលសម្តេចចុះជួយអន្តរាគមន៍សង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

តាមរយៈសំណេររបស់សម្តេចតេជោ បានរៀបរាប់អំពីដំណើរការនៃការខិតខំដោះស្រាយបញ្ហាទឹក សម្រាប់បម្រើដល់ការបង្កបង្កើត របស់ប្រជាកសិករចាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយតាមរយៈគ្រោះរាំងស្ងួតឆ្នាំ១៩៩៤ របស់ប្រជាកសិករសម្តេចតេជោ បានកត់សម្គាល់ និងត្រូវកែប្រែលើ៣ចំណុចសំខាន់ៗ គឺដោះស្រាយបញ្ហាទឹក, ការផ្លាស់ប្តូរពូជស្រូវ និងចុងក្រោយជាចំណុចយុទ្ធសាស្ត្រនោះ គឺត្រូវខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ប្រើពូជបច្ចេកទេសធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។

ត្រង់ចំណុចជាយុទ្ធសាស្ត្រនេះ សម្តេចតេជោ សង្កត់ធ្ងន់ថា «ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែប បើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេសការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយ នូវការកាប់ព្រៃឈើធ្វើស្រែចំការ នៅពេលចំនួនប្រជាជនកើនឡើង»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល ដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤។

ទូរទស្សន៍ជាតិកម្ពុជា ទើបបានរកឃើញវីដេអូ ដែលខ្ញុំចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។

ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ ខ្ញុំបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជាអកុសល ឆ្នាំ១៩៩៣ មានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តី និងការអនុវត្តន៍បែបល្ងិតល្ងង់ នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ ចំពោះកសិករដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។

កសិករនៅឃុំពត់សរ ប្រហែល ១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមាន ឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់
ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។ ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វាឃុំពត់សរ និងសម្រាកនៅស្រុកបាទី ខេត្តតាកែវចំនួន ២យប់។

ឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤ ខ្ញុំបានកត់សម្គាល់ និងកែលើចំណុច៣គឺ៖

១. នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រដែលខ្ញុំដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ ឱកាសបានមកដល់ពេលគណបក្សប្រជាជន ឈ្នះឆ្នោតខែកក្កដា ១៩៩៨ ខ្ញុំផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញដោះស្រាយទឹក ជូនប្រជាជនដើម្បីជំរុញវិស័យកសិកម្ម។

២.​ ត្រូវតែមានការផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នាខ្ញុំតែងនិយាយលេង
ទៅកាន់កសិករថា «សូមបញ្ឈប់ការធ្វើស្រូវពូជនាងពួន មកធ្វើពូជនាងសង្ហាវិញ»។ នាងពួនសំដៅលើស្រូវដែលមិនចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវដែលចេញ និងទទួលផល។ បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន តែវាក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។ ពីមុនរកពូជស្រូវស្រាលឆាប់បានផល ព្រោះយើងខ្វះស្បៀងតែពេលនេះយើងសល់ស្រូវ ៦ ទៅ ៧លានតោន។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូចនេះកសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។

៣. ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេសការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។

ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការកាប់ព្រៃឈើធ្វើស្រែចំការ នៅពេលចំនួនប្រជាជនកើនឡើង។

សរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជំនះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និង យុទ្ធសាស្ត្ររយៈពេលវែងលើវិស័យ កសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ»៕