(ភ្នំពេញ)៖ បើកទំព័រការងារសាធារណៈដើមឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់​ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្ប​ទាន​សង្គមកិច្ច ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។ នៅអំឡុងឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ ដែល​មានលោកបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្តនាពេលនោះ និងលោកកិត្តិ​សង្គ​ហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានរៀបចំ​ត្រួស​ត្រាយ និងបែងចែកដីលំនៅឋាន និងដីកសិកម្មជូនអតីតយុទ្ធជន ទាំង ៦២៨គ្រួសារ ដោយ ១គ្រួសារទទួលបានដីទំហំ ១០,៥០០ម៉ែត្រការ៉េ។

ដោយសារពេលនោះ នៅតំបន់នេះមានការរំលោភទន្ទ្រានពីជនខិលខូច​មួយ​ចំនួន រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចចាត់តាំងឧត្ដមសេនីយ៍ឯក ប៉ែន ណា​វណ្ណ ដែលពេលនោះជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំ គ្រប់គ្រងរហូតតំបន់នេះមានសុវត្ថិភាពដីធ្លី។ ដោយពិនិត្យឃើញពីការលំបាក​របស់​អតីតយុទ្ធជនគ្មានផ្ទះក្នុងការស្នាក់នៅ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួល​​បន្ទុកបេសកកម្មពិសេស ក៏បានស្នើសុំផ្ទះពីកាកបាទក្រហមកម្ពុជា ដែល​មានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្ដល់ផ្ទះទំហំ ៧ម៉ែត្រ គុណ ៥ម៉ែត្រ មានថែមដំបូលខាងក្រោយ និងបន្ទប់ទឹកសម្រាប់អតីតយុទ្ធជន​ទាំងអស់ចំនួន ៦២៨ខ្នង ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ជាលើកចុងក្រោយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រួមទាំងការឈូសឆាយ និងភ្ជួរដីដើម្បីដាំដំណាំលើដីដ៏មានជីវជាតិល្អ ខួង​អណ្តូង​ទឹកតាមផ្ទះចំនួន ២៦១អណ្ដូង ក្នុងនោះកាកបាទក្រហមកម្ពុជាចំនួន ១៩០អណ្តូង និងលោកស្រី ហ៊ុន ម៉ាណា ចំនួន ៧១អណ្តូង, ផ្ដល់ពាងទឹក​គ្រប់​ខ្នងផ្ទះ, រៀបចំដាំបង្គោលរបងតាម ដីឡូតិ៍នីមួយៗ, ដំឡើងអំពូលសូឡា, តបណ្ដាញអគ្គិសនីស្ថាបនាផ្លូវ, សាងសង់សាលារៀន, សាងសង់មណ្ឌលសុខ​ភាព និងផ្ដល់ពូជសត្វ ពូជត្រី និងពូជដំណាំជាច្រើនមុខផងដែរ។

ក្នុងគោលដៅរៀបចំភូមិនេះឱ្យក្លាយទៅជាភូមិគំរូ សម្រេចបាននូវ​អនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌នោះ បច្ចុប្បន្ននេះ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និងលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បានរៀបចំដាក់​បង្គោល​ភ្លើងសូឡានៅមណ្ឌលសុខភាព, សាលារៀន, និងផ្លូវ សំខាន់ៗចំនួន ២០០​ដើម, ដំឡើងប៉ាណូរូបថ្នាក់ដឹកនាំនៅទីតាំងសំខាន់ៗចំនួន ៣៤ផ្ទាំង, កែ​លម្អ អាងស្តុកទឹកស្អាត, ដាំដើមឈើ និងរៀបចំសួនច្បារ, ផ្តល់សម្ភារៈ ថវិកា និងឧបត្ថម្ភគាំទ្រគ្រឿង បរិភោគដល់បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀន និង​មន្ត្រីភូមិបណ្តោះអាសន្ន, ផ្ដល់ស្បៀង សម្ភារៈ និងថវិកាដល់គ្រួសារអតីត​យុទ្ធ​ជនទាំងអស់បំផុស និងណែនាំសកម្មភាពចងសម្ព័ន្ធមេត្រីភាពរវាង​មន្ទីរ អង្គភាពរបស់ខេត្ត ជាមួយគ្រួសារអតីតយុទ្ធជនទាំងអស់ ជាពិសេសតែងតែ​ចុះសួរសុខទុក្ខពេលបុណ្យទានម្តងៗ និងឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដើម្បី​កាន់​តែផ្សារភ្ជាប់មនោសញ្ចេតនា ទៅវិញទៅមកជាមួយអតីតយុទ្ធជន។

ទន្ទឹមនេះ រៀបចំបង្កើតភូមិទៅជាភូមិផ្លូវការ, បង្កើតវត្ត និងសាងសង់សាលា​ឆាន់ កុដិ ដើម្បីជាកន្លែងសម្រាប់គោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា ដែល បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ៥អង្គ និងអាចារ្យ គណៈកម្មកា​រ​ចំនួន ៧នាក់។ ជាមួយគ្នានេះ កំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងកងវិស្វកម្មសម្តេចតេជោជួសជុលផ្លូវបានចំនួន ៧ខ្សែ រួមនឹងសំណង់​សិល្ប​កា និងផ្លូវចំនួន ៧ខ្សែទៀតប្រវែង ២៧,៤គីឡូម៉ែត្រត្រូវរៀបចំផែនការ ស្នើសុំសាង់សង់បន្ត។

សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាព្រឹកថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា រួមមាន៖ សាលាប៊ុនរ៉ានីសែនជ័យដំណាក់​ទ្រយឹង​​មានអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៤បន្ទប់, អគារស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣,០០០ម៉ែត្រការ៉េ មានរបង​ព័ទ្ធ​ជុំវិញ។ នៅមណ្ឌលសុខភាពប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានអគារ​សង្គ្រោះបឋម និងជំងឺទូទៅ ១ខ្នង ១៤បន្ទប់, អគារសម្ភព និងរោគស្រ្តី ១ខ្នង ៨បន្ទប់ និងអគារ ស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ សាងសង់លើផ្ទៃដីទំហំ ៦៣.០០០ ម៉ែត្រការ៉េ មានរបងព័ទ្ធជុំវិញ និងសមិទ្ធផលផ្សេងៗទៀត៕