(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងបង្កើនការគាំទ្ររបស់ខ្លួនក្នុងការលើកកម្ពស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់កម្ចីចំនួន ៣០ លានដុល្លារ ដើម្បីគាំទ្រដល់ការបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងកំណើនប្រកបដោយបរិយាប័ន្ន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ទើបចេញផ្សាយនៅថ្ងៃនេះ។
ADB បានឲ្យដឹងថា កម្ចីនេះនឹងផ្តល់ហិរញ្ញប្បទានដល់អនុកម្មវិធីទី ១ នៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (SPFMP) ដែលគាំទ្រដល់ការអនុវត្តដំណាក់កាលទី ៣ នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបែងចែកជា ៤ដំណាក់កាល។
លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កម្មវិធីនឹងជួយបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំងសេវាសម្រាប់ ក្រុមប្រជាជនក្រីក្រ និងងាយរងគ្រោះផងដែរ តាមរយៈការពង្រឹងការគ្រប់គ្រងចំណាយ និងចំណូលសាធារណៈ និងការផ្សារភ្ជាប់ថវិកាឲ្យកាន់តែ មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អប្រសើរជាងមុន នឹងធ្វើឲ្យថវិការបស់រដ្ឋាភិបាលមានការកើនឡើង ក៏ដូចជាជួយឲ្យមានការវិភាជន៍ ធនធានថវិកាកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយភាពក្រីក្រ។
កម្មវិធីនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវការគាំទ្រដែល ADBបានផ្តល់កន្លងមកដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងក្រសួងចំនួនបី ដែលធ្វើការងារខាងការអភិវឌ្ឍជនបទ ក៏ដូចជាពង្រីកការគាំទ្រដល់ក្រសួងអាទិភាពចំនួនបីទៀត គឺក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម៕