(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្ដុះបណ្ដាល Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ៣៥០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៧សប្ដាហ៍ រៀបចំឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍមូលធនមនុស្សឌីជីថល ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីល តាមរយៈការបង្ហាត់បង្រៀនជំនាញសហគ្រិនភាព គំនិតច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសជំនាញអភិវឌ្ឍគេហទំព័រ កម្មវិធីទូរសព្ទ និងបញ្ញាសប្បនិមិត្ត។ លើសពីនេះសិស្សានុសិស្សក៏ទទួលបានចំណេះដឹងបន្ថែម ព្រមទាំងបទពិសោធល្អៗ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីរួមចំណែកកសាងមូលធនមនុស្សឌីជីថល និងពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕