(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះថា ជាគោលការណ៍របស់ គ.ជ.ប គឺមានការសម្របសម្រួល និងផ្ដល់អាទិភាពមុនគេដល់ជនពិការទាំងអស់ ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដែលនេះជាការលើកទឹកចិត្តដល់ពួកគាត់ និងបង្ហាញថា សង្គមខ្មែរគ្មានការរើសអើងជនពិការនោះទេ។
លោកបានបន្តថា ការដែល គ.ជ.ប បានអនុវត្តគោលការណ៍ទាំងនេះ ដោយសារសកម្មភាពនេះ ជាសុជីវធម៌របស់សង្គមខ្មែរ ដែលគ្មានការរើសអើងជនពិការ ហើយចំពោះស្ថានភាពជីវសាស្ត្រវិញ គឺកាយសម្បទារបស់ពួកគាត់ ក៏មិនមានភាពរឹងមាំដូចមនុស្សធម្មតាទេ ដូច្នេះហើយ ទើបតម្រូវឱ្យមានការជួយសម្របសម្រួលបែបនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ការសម្រួលដល់ជនពិការនេះ ក៏ជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការទទួលបានសិទ្ធិចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដូចពលរដ្ឋដទៃទៀតដែរ និងបញ្ជាក់ដល់សាធារណជនទាំងអស់ ឱ្យបានឃើញពីការចូលរួម ក្នុងកិច្ចការសង្គមរបស់ជនពិការ ពិសេស គឺការចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។
សូមជម្រាបថា គិតពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៩ តុលា មានពលរដ្ឋ ៥,៩៩៩,១៧៧នាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ហើយគិតត្រឹមថ្ងៃ១២ តុលា ជនពិការចំនួន ៥,៩៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោត៕