(ម៉ាឡេស៉ី)៖ តបតាមការអញ្ជើញរបស់លោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅប្រជុំកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។

ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ នៅប្រជុំកោះឡាងកាវី ប្រទេសម៉ាឡេស៊ី, លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ AMM Retreat ដែលដឹកនាំដោយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ កិច្ចប្រជុំបានពិភាក្សាអំពីអាទិភាពរបស់អាស៊ាន នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្រោមមូលបទ «បរិយាប័្នន និងនិរន្តភាព» ក៏ដូចជាបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាមួយចំនួនដែលមានសារៈសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ សម្រាប់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។

នៅរសៀលថ្ងៃអាទិត្យថ្ងៃទី១៩ ខែមករាដដែល, លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានធ្វើការអបអរសាទរប្រទេសឡាច ដែលបានធ្វើជាប្រធានអាស៊ានដោយជោគជ័យកាលពីឆ្នាំមុន ហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រប្រទេសឡាវ ក៏ដូចជាប្រទេសសមាជិកអាស៊ានផ្សេងទៀត ក្នុងការបន្តកិច្ចការរបស់អាស៊ាន តាមរយៈអាទិភាព និងសមិទ្ធផលដែលអាចសម្រេចបានក្នុងឆ្នាំ២០២៥ នៅក្រោមមូលបទ «បរិយាប័្នន និងនិរន្តភាព»។

នៅប្រជុំកោះឡាងកាវីដដែល នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានមួយចំនួនរួមមាន៖ Nikkei, Agence France-Presse (AFP), Free Malaysia Today, Phoenix TV Hong Kong, Associated Press (AP), Malaysia National News Agency (BERNAMA) និង Astro Awani ជាដើម។

អគ្គលេខាធិការអាស៊ានបានចែករំលែកពីទស្សនៈ និងចក្ខុវិស័យរបស់គាត់ ស្តីពីកិច្ចខិតខំប្រឹងប្រែង និងអាទិភាពក្នុងការកសាងសហគមន៍អាស៊ាន៕