(សៀបរាប)៖ លោក លឹម ប៊ុនហុក តំណាងក្រុមស្ថានិកកម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» បានបង្ហាញបំណងចង់ឲ្យកម្មវិធី «សំណេរអង្គរ» ក្លាយជា «ទិវាប្រឡងសរសេរតាមអានជាសាធារណៈ» របស់កម្ពុជា ដើម្បីលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែមានតម្លៃ។

លោក លឹម ប៊ុនហុក បានបញ្ជាក់ដូចនេះនាឱកាសឡើងធ្វើរបាយការណ៍សង្ខេប និងបង្ហាចំណាប់អារម្មណ៍ក្នុងវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី រួមទាំងមានបេក្ខជនចូលរួមជាច្រើនទៀត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំក្នុងនាមជាតំណាងស្ថាបនិក ដោយមានការគាំទ្រយ៉ាងពេញទំហឹង យើងខ្ញុំសូមប្តេជ្ញា ម្តងហើយម្តងទៀត ប្តេជ្ញារៀបចំព្រឹត្តិការណ៍នេះ ឲ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងសុំការគាំទ្រ ឲ្យព្រឹត្តិការណ៍នេះក្លាយជា «ទិវាប្រឡងសរសេរតាមអានជាសាធារណៈ» របស់ព្រះរាជាណាចក្រកម្ពុជា»

ការលើកឡើងលោក លឹម ប៊ុនហុក ក៏ទទួលបានការគាំទ្រពីលោក ហង់ជួន ណារ៉ុន និងលោក ហ៊ុន ម៉ានី ក្នុងគោលដៅជួយលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ និងដើម្បីចូលរួមចំណែកក្នុងការលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឲ្យកាន់តែមានតម្លៃ និងរស់រវើកផងដែរ។​

សូមបញ្ជាក់ថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេងអង្គរ» លើកទី២ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕