(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានប្រគល់ផ្ទះ៣ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា៣នាក់ នៅឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន២នាក់ ជាអតីតយុទ្ធជនពិការ និងម្នាក់ជាគ្រួសារសមាជិកជនពលី។
ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពី លោក អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ក្រុមការងារ ស.អ.ក ខេត្ត លោកអភិបាលរងស្រុក លោកប្រធាន អនុប្រធានទាំងបី របស់ ស.អ.ក ស្រុកសំពៅលូន លោកប្រធានកិត្តិយស សាខាឃុំជ្រៃសីម៉ា លោកមេភូមិ អាជ្ញាធរដែនដី លោក លោកស្រី សមាជិក សមាជិកាសរុប៥២នាក់។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង៣នាក់ ដែលទីទ័លក្រ និងគ្មានទីជំរកសមរម្យ រស់នៅឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះ ២នាក់ ជាជនពិការ ឈ្មោះ មាស ឈឿន អាយុ៥៦ឆ្នាំ រស់នៅភូមិរស្មី ទី២-ឈ្មោះ ឈុន នឿន អាយុ ៥៩ឆ្នាំ រស់នៅភូមិស្ពានយោល និងទី៣-ជាគ្រួសារសមាជិកជនពលី ដែលមានឈ្មោះ ម៉ន លី ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិស្ពានយោល ដោយ១ខ្នងៗមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់១ម៉ែត្រ ដែលបានចាប់សាងសង់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។
ក្រៅពីអំណាយជាផ្ទះ ក៏មានគ្រឿងឧបភោគបរិភោគ ផងដែររួមមាន ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ចំណែកលោក អ៊ុក ស៊ីវត្ថា និងលោកស្រី បានឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបាន ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ៤យួរ ប្រេងឆា២ដប ឆ្នាំង ចាន មុង១ ភួយ១ និងកន្ទេល១។ ជាមួយគ្នានោះដែរ ក៏បានផ្តល់ជូនអតីតយុទ្ធជន២២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥០,០០០រៀល និងបានប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរស់ជន២នាក់ ដែលបានឧបត្ថម្ភដី សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន ខាងលើនេះ៕