(សៀមរាប)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២នេះ ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិសាមគ្គីភាព និងការលើកតម្កើងអក្សរសាស្ត្រដ៏ប្រណិតដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឲ្យដូចមានឆ្លាក់លើផ្ទាំងសិលាចារឹកជាសក្ខីភាពស្រាប់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែដូចនេះនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសលោក និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល​មូលនិធិម៉ានី អញ្ជើញជាគណអធិបតី បើកកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងដែលមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានបង្ហាញ និងលើកទឹកចិត្តឲ្យមានការរៀប​ចំព្រឹត្តិការណ៍ «សំណេរអង្គរ»នេះឡើង ក្នុងគោលដៅបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិ ហើយក៏បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរ និងការរំឭកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ តែបានពលីកាយ កម្លាំងប្រាជ្ញាស្មារតី អាយុជីវិត ក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិតសភាចារ្យ ក៏បានបង្ហាញការជឿជាក់ថា នៅពេលដែលយើងទាំងអស់គ្នាមកដល់លើទឹកដីយសោធរបុរៈ ឬទឹកដីអង្គរ អាណាចក្រនៃអារ្យធម៌ខ្មែរនៅពេលនេះ យើងពិតជាមានមោទនភាពជាតិ ដែលបានកើតមកជាជនជាតិខ្មែរ។

ការពង្រឹងការអានការសរសេរភាសាខ្មែរ តាំងពីកម្រិតដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាបាននូវជោគជ័យក្នុងការសិក្សា​នៅគ្រប់កម្រិត ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៤ មកក្រសួងអប់រំយុវជន និងកីឡា បានដាក់ឲ្យអនុវត្តឡើងវិញនូវការសរសេរតាមអាននៅតាមគ្រឹះស្ថានសិក្សា និងកំពុងអនុវត្តយ៉ាងសកម្មចាប់តាំងពីឆ្នាំ២០០៩ នូវកញ្ចប់អំណាន​ដំបូងដែល​ជាយុទ្ធសាស្ត្រកំណែទម្រង់ ដ៏មុតស្រួច ហើយដែលសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តនៅតាមគ្រឹះស្ថានបឋមសិក្សានាពេលបច្ចុប្បន្ននេះ។

ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបង មានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕