(ថៃ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៥ (The 5th ASEAN Digital Ministers’ Meeting - ADGMIN) នៅប្រទេសថៃ ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះនៅថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសឡាវ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។

បន្ថែមលើនេះលោករដ្ឋមន្ត្រី ក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Awards 2025) ដែលរៀបចំដោយប្រទេសថៃ ហើយជាមោទកភាពរបស់កម្ពុជានោះ គឺ កម្មវិធីចំនួន ២ របស់កម្ពុជាបានឈ្នះមេដាយ ដោយក្នុងនោះរួមមាន៖

១៖ កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)

២៖ កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។

កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕