(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប៉ៃលិន បានណែនាំដល់រដ្ឋបាលខេត្តប៉ៃលិន គណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬភាពវឹកវរក្នុងសង្គម។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏បានក្រើនរម្លឹកបន្ថែមឱ្យខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាលបង្កឱ្យមានអំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ព្រមទាំងបន្តពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មនៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង ភូមិ និងឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។
ទេសរដ្ឋមន្ត្រី ក៏បានជំរុញពីការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយ របស់ រាជរដ្ឋាភិបាល។ ត្រូវពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់, ជម្លោះ និងការទាមទារតវ៉ានានា ដែល បានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ណែនាំ, បែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ យុត្តិធម៌សង្គម, បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការ រស់នៅ, ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។
នៅក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏បានផ្តល់បណ្ណសរសើ និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ និងកងកម្លាំង ដែលសកម្មក្នុងការបំពេញការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឆ្នាំ២០២៤ផងដែរ៕