(សៀមរាប)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍«សំណេរអង្គរ» បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជននិងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសអ្នកចូលចិត្ដនិយមអក្សរសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែដូចនេះនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសលោកនិងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី អញ្ជើញជាគណអធិបតី បើកកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងដែលមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។
ជាមួយគ្នានោះផងដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឲ្យក្រសួងស្ថាប័នរដ្ឋ បាលគ្រប់ថ្នាក់ជាតិ ពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសាលារៀន រៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្ត្រខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហានមានទំនុកចិត្ត និងទទួលយកការពិតពី ប្រាកដរបស់ខ្លួនព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងអំណាចបានសរសេរនិពន្ធបន្ថែមទៀត ដើម្បីធ្វើឲ្យអក្សរសាស្ត្រខ្មែរ កាន់តែមានភាពសម្បូររុងរឿង និងមានភាព នឹងកើនទៅដល់កម្រិតកំពូលផងដែរ
លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជន ក៏ដូចជាមាតាបិតា បេក្ខជន ដែលមានអាយុ១៨ឆ្នាំ ដែលបានលើកទឹកចិត្តកូនចៅជូនកូនចៅ មកចូលរួមក្នុងការប្រកួតនៅពេលនេះ និងសូមបួងសួងសុំឲ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើងទាំងអស់ រឹងមាំប្រៀបបីដូចប្រាសាទប្រាង្គប្រាសាទ អង្គរដែលកំពុងតែឈរស្កឹមស្កៃនាពេលនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបង មានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕