(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានចុះពិនិត្យដោយផ្ទាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលរងការលិចលង់ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស និងបាននាំយកអំណោយទៅចែកជូនដល់គ្រួសារដែលលិចលង់លំនៅដ្ឋាន ពុំអាចរស់នៅបាន ហើយមករស់នៅលើទីទួលសុវត្ថិភាព និងផ្ទះបងប្អូនចំនួន២២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប និងថវិកា៤ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ព្រមទាំងបានណែនាំអោយអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិនានា។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់អោយប្រុងប្រយត្ន ក្នុងរដូវនេះ ជាពិសេសក្មេងៗតូចៗ កុំអោយលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយីរបស់សត្វអាសិរពិសនានា។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមសង្កាត់មួយចំនួន នៅក្នុងភូមិសាស្រ្តខណ្ឌ បានជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត រហូតគ្រួសារខ្លះត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពទៀតផង។
ដោយឡែក កំណាត់ផ្លូវលេខ២១៧ ឬផ្លូវចំការដូង ចន្លោះស្ពានព្រែកជ្រៃ ទៅរង្វង់មូលដីក្រហម ត្រូវបានទឹកហូរកាត់ និងលិចមិនអាចធ្វើដំណើរបាននោះទេដោយត្រូវបិទចរាចរទាំងស្រុង រហូតមកដល់រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ៕