(បាត់ដំបង)៖ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមេដាយជ័យលាភី បណ្ណសរសើរកម្មវិធីជាតិ និងអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ចំនួនសិស្សសរុប១៧២នាក់ ក្នុងនោះមានសិស្សបញ្ចប់ថ្នាក់ទី៦, សិស្សបញ្ចប់ថ្នាក់ទី៩, សិស្សទទួល Cambridge check point test ជាសិស្សថ្នាក់ទី៧ និងសិស្សទទួលមេដាយ spelling bee។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលមហោស្រពស្ទឹងសង្កែ ដោយមានការអញ្ជើញចូលរួមលោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល, លោក Rob Rindzevicius នាយកសាលាអន្តរជាតិ បាត់ដំបង លោកគ្រូ អ្នកគ្រូជាតិ និងអន្តរជាតិ សាលាអន្តរជាតិបាត់ដំបង, មាតា បិតាសិស្សានុសិស្ស ចូលរួមប្រមាណ៣៥០នាក់។

លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋមន្ត្រីក្រសួងនានា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ទីរអប់រំខេត្តបាត់ដំបង ជាសេនាធិការក្នុងនោះ លោក យី សុងគី ជាថ្នាក់ដឹកនាំផ្ទាល់ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះការយកចិត្តទុកដាក់ និងជ្រោមជ្រែងដល់ដំណើរការលើ វិស័យអប់រំចំណេះទូទៅ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកម្មវិធីសិក្សាស្ទីមជាដើម ឱ្យមានភាពរីកចម្រើន លូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

លោក យី សុងគី តាងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ដបាត់ដំបង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រមុខថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ក្រសួងនានា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ចំពោះការយកចិត្តទុកដាក់ និងជ្រោមជ្រែងដល់ដំណើរការលើវិស័យអប់រំចំណេះទូទៅ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឲ្យមានភាពរីកចម្រើន លូតលាស់ និងការអភិវឌ្ឍលើផ្នែកជាច្រើន ដែលការណ៍នេះជាស្ពានក្នុងការផលិតធនធានមនុស្សដែលពោរពេញ ដោយចំណេះដឹង ជំនាញ សមត្ថភាព និងបច្ចេកទេសយ៉ាងពិតប្រាកដ។

ក្នុងឱកាសនេះ លោកសូមលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្រៅពីការខិត ខំប្រឹងប្រែងរៀនសូត្រ សូមក្មួយៗតាមដាន និងយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់ខ្លួនផងដែរ ដើម្បីក្លាយជាមូលធនមនុស្សពេញលេញដែលមានទាំងចំណេះដឹង ជំនាញ និងសុខភាព។ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដាក់នាំខេត្ត មន្ទីរ ស្ថាប័ន ពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលាបុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងអស់ ជាពិសេសសាលា អន្តរជាតិបាត់ដំបងផ្ទាល់ ដែលបានខិតខំអស់ពី សមត្ថភាព និងកម្លាំងកាយចិត្ត ក្នុងការសហការគ្នាយ៉ាងរលូន កន្លងមក ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សឲ្យទទួលបានផ្លែផ្កាដ៏គួរជាទីមោទន។

លោកបានអះអាងថា នៅក្នុងអំឡុងពេលមួយទសវត្សចុងក្រោយនេះ វិស័យអប់រំបានចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំបំផុត ក្នុងការជួយលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងបរិបទនេះ វិស័យអប់រំគ្រប់ផ្នែក ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡង ប្រណាំងដណ្តើមស្នាដៃ លើកស្ទួយកិត្តិសព្ទ និងកិត្តិយសខេត្តបាត់ដំបង ឲ្យកាន់តែល្បីរន្ទឺឡើងថែមទៀត៕