(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សង្ឃឹមជឿជាក់ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) នៅតំបន់ឧទ្យានអង្គរ នឹងមានអ្នកចូលរួមកាន់តែច្រើននាក្រោយៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការលើកឡើងនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ក្រោយបញ្ចប់ការរត់ដោយជោគជ័យ បន្ទាប់ពីអត្តពលិក តាមវិញ្ញាសានីមួយៗ បានចេញដំណើរ តាំងពីព្រឹកព្រលឹម ពិសេសវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ ដែលបានចេញដំណើរ តាំងពីម៉ោង ៤ទាបភ្លឺថ្ងៃសៅរ៍នេះ ។
ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ ពោលគឺមានអត្តពលិក ចុះឈ្មោះសរុបចំនួន ១,៧២០នាក់ មកពី ៥០ប្រទេស កើនឡើង ១៥% ធៀបនឹងឆ្នាំ២០២៤ ដែលប្រទេសចូលរួមច្រើនជាងគេ គឺមានបារាំង, កម្ពុជា, វៀតណាម, ថៃ និងអាមេរិកជាដើម ។
លោកបន្ដថា «យើងសង្ឃឹមជឿជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ ខាងមុខនេះ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”...» ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី បានរំឮកថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ បានរៀបចំចំនួន ៨លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ជាមួយអត្តពលិកចូលរួមត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ក្រោមកិច្ចសហការរួមគ្នារវាង NOCC និងក្រុមហ៊ុន Phoenix Voyages ដែលមានលោក Edouard GEORGE និងលោក Jean Claude Le Cornec ជាសហប្រធាន គណៈកម្មការរៀបចំ និងមានអត្តពលិកចូលរួមកើនឡើងជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលខកខានរៀបចំ ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ រៀបចំឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលវាជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ។
ទន្ទឹមជាមួយគ្នា លោកក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្ដកិច្ចសហការជាមួយ NOCC រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញនេះប្រកបដោយជោគជ័យ ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានបន្ដចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡានេះផងដែរ ៕