(រតនគិរី)៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ចោមចៅ​ របស់កងពលតូចលេខ៧០ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ​បានចុះពិនិត្យ និង​ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅឃុំប៉ាតេ ស្រុកអូរយ៉ាវខេត្តរតនគិរី។

ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋខាងលើនេះ ក៏មានការចូលរួមពីសំណាក់លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំប៉ាតេផងដែរ។

លោកឧត្តមសេនីយ៍ ឈួរ សុខា បានសំណេះសំណាល និងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាពិសេសលោក សុខ រដ្ឋា ដែលបានជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងឃុំប៉ាតេ បានមកដល់ទីតាំងទទួលបានការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។

សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេស រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងលើកកម្ពស់សុខភាពសាធារណៈ។

ប្រជាពលរដ្ឋក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ពិតជាមានសេចក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះ សមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕