(ឧត្ដរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចូលរួមពិធីបុណ្យសព លោក សុខ សន្យា ជាបេក្ខជនដែលទើបប្រឡងជាប់ក្របខ័ណ្ឌឆ្នាំ២០២៤ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ និងសពលោកអនុសេនីយ៍ទោ យឹម តៃ មន្ត្រីនគរបាលចូលនិវត្តន៍ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបន្ទាយអំពិល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី បាននាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាមន្ត្រីនគរបាលទូទាំងខេត្តឧត្តរមានជ័យ ជូនចំពោះក្រុមគ្រួសារសពទាំង២ ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់តែមួយប៉ព្រិចភ្នែក ដោយករណីគ្រោះថ្នាក់ចរាចរណ៍។

ថវិកាដែលនាំយកទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក សុខ សន្យា នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួមមាន ថវិកានាយឧត្តមសេនីយ៍ ស ថេត ចំនួន២,០០០ដុល្លា និងថវិកាឧត្តមសេនីយ៍ទោ ខូវ លី ចំនួន៥០០ដុល្លា។

ចំណែកសពលោកអនុសេនីយ៍ទោ ញឹម តៃ មន្រ្តីនគរបាលចូលនិវត្តន៍ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួមមាន ថវិកានាយឧត្តមសេនីយ៍ ស ថេត ចំនួន៥០០ដុល្លារ, លោកឧត្តមសេនីយ៍ទោ ខូវ លី ថវិកាចំនួន១,០០០,០០០រៀល, អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចំនួន៨០០,០០០រៀល និងលោកវរសេនីយ៍ឯក ឯម សុគន្ធ នាយការិយាល័យបុគ្គលិក ចំនួន២០០,០០០រៀលផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក សុខ សន្យា និងលោក ញឹម តៃ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕